បុរសម្នាក់ចេញរត់តាក់ស៊ី បាត់ពីផ្ទះ២ថ្ងៃ ក្លាយជាសាកសព…

រាជធានីភ្នំពេញ៖ អ្នករត់តាក់ស៊ីម្នាក់ បានបាត់ពីផ្ទះអស់រយៈពេលជាច្រើនថ្ងៃ ធ្វើឲ្យក្រុមគ្រួសារតាមស្វែងរក លុះពេលប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០ នៅតាមផ្លូវលេខ៥១ (ផ្លូវប៉ាស្ទ័រ) ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

មន្រ្ដីនគរបាល បានឱ្យដឹងថា បុរសរងគ្រោះ ឈ្មោះ នួន រ៉ាន អាយុ៤២ឆ្នាំ មុខរបរជាអ្នករត់តាក់ស៊ី មានប្រពន្ធ ឈ្មោះ ស៊ីម សាវន អាយុ៤៣ឆ្នាំ។ ពួកគេទាំង២នាក់ប្ដីប្រពន្ធ មានកូនប្រុស ស្រី ចំនួន ៣នាក់ (ប្រុស ២នាក់ ស្រី ១នាក់) និងមានលំនៅក្នុងភូមិតាងួន សង្កាត់កាកាបទី២ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ហើយមានស្រុកកំណើត នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
ប្រភពព័ត៌មានពីសាច់ញាតិ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ជនរងគ្រោះតែងតែចូលផ្ទះ ហូបបាយរួច ទើបចេញទៅដឹកភ្ញៀវ។ លុះមកដល់មកដល់ថ្ងៃបាត់ខ្លួន ក៏មិនឃើញជនរងគ្រោះវិលចូលផ្ទះ ដើម្បីហូបបាយដូចសព្វមួយដង ទើបធ្វើឲ្យក្រុមគ្រួសារភ័យស្លន់ស្លោ ផ្អើលដល់អ្នករត់តាក់ស៊ីដូចគ្នា នាំគ្នាតាមស្វែងរក ក៏ប្រទះឃើញស្លាប់បាត់ទៅហើយ ហើយសាកសពមានសភាពហើមស្អុយ នៅក្នុងរថយន្តមួយគ្រឿងរបស់គាត់ ម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AI-8932 នៅតាមចិញ្ចើមផ្លូវលេខ៥១ ក្បែររបងសាលាអន្តរាជាតិ ស្ថិតក្នងចំណុចខាងលើ។

បើតាមសម្ដីរបស់ប្អូនស្រីជីដូនមួយរបស់ជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះ ជាបងប្រុសជីដូនមួយរបស់នាង ហើយគាត់បានបាត់ចេញពីផ្ទះ តាំងពីវេលាម៉ោងប្រមាណជា១០យប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ មកម្ល៉េះ។ រីឯក្រុមគ្រួសារក៏ចេះដើររក និងចុចទូរស័ព្ទ ស្វែងរក ឃើញចូលដែរ តែមិនមានអ្នកលើក។ ស្រ្ដីដដែល បានបន្ដថា ក្រោយពេលមានការភ្ញាក់ផ្អើលបែបនេះ ទើបក្រុមអ្នករត់តាក់ស៊ី ធ្លាប់ស្គាល់ជនរងគ្រោះ បាននាំគ្នាស្វែងរកដែរ តែរកមិនឃើញ។ លុះមកដល់ព្រឹក ថ្ងៃទី២៨ ខែធ្នូ ទើបក្រុមអ្នករត់តាក់ស៊ី ប្រទះឃើញរថយន្តរបស់របស់ជនរងគ្រោះ ចតតាមចិញ្ចើមផ្លូវ ក្បែររបងសាលារៀននៅចំណុចខាងលើ ហើយចូលទៅអើតមើល ទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយពេលមានការភ្ញាក់ផ្អើលបែបនេះ សមត្ថកិច្ចមូលដ្ឋាន និងមន្រ្ដីនគរបាលជំនាញ នៃការិយាល័យកោសល្យវិច័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ និង កោសល្យវិច័យលើសាកសព។ បើតាមការពិនិត្យ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ដោយសារគាំងបេះដូង។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកទៅរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram