ស្នងការនគរបាលខេត្តរតនគិរី ដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងនាំអំណោយមួយចំនួន ផ្តល់ជូនកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៦២៣

(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំអំណោយមួយចំនួន ផ្តល់ជូនកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៦២៣ ដែលមានទីបញ្ជាការនៅឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវពង្រឹងក្នុងការល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនដែលស្ថិតក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង ដើម្បីបង្ការកុំឲ្យមានបទល្មើសដូចជាការលួចឆ្លងដែនដោយខុសច្បាប់របស់ប្រជាជនទាំងសងខាង ព្រមទាំងបទល្មើសផ្សេងៗទៀត។ លោកឧត្តមសេនីយ៍ស្នងការក៏បានសាកសួរអំពីស្ថានភាព ជីវភាពរស់នៅរបស់កងកម្លាំង និងការចេញប្រតិបត្តិការរបស់កងកម្លាំងទៅប៉ុស្តិ៍ការពារព្រំដែន។
អំណោយដែលត្រូវបានផ្តល់ជូនកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៦២៣ នេះរួមមាន៖ អង្ករ១៥បេ, ទឹកសុទ្ធ២០កេស, ស្រាបៀ១០កេស,មី៨កេស, ត្រីខ១កេសធំ, ខ្ទឹមស១បេ, អំបិល២បេ, ទឹកត្រី១កេស, ទឹកស៊ីអ៊ីវ១កេស, ប៊ីចេង១ការ៉ុង, ស្ករស១បេ, ប្រេងឆា១កេស, សាប៊ូ១កេស និងថវិកា១លានរៀល។
បន្ទាប់មកគណៈប្រតិភូរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក៏បន្តដំណើរទៅពិនិត្យមើលអគារប៉ុស្តិ៍ការពារព្រំដែនផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram