គ្រោងស្តារប្រឡាយជិត៤០ខ្សែនៅឆ្នាំ២០២១ ដើម្បីបន្ថយការជន់លិចក្នុងរាជធានីភ្នំពេញ…

រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣នាព្រឹកថ្ងៃទី២៤ ធ្នូនេះថា ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានលើកគំរោងស្តារប្រឡាយចំនួន១២ខ្សែក្នុងចំណោមប្រឡាយ៣៧ខ្សែដែលត្រូវស្តារឡើងវិញក្នុងឆ្នាំ២០២១ខាងមុខ ទោះបីយើងជួបការលំបាកផ្នែកថវិកាដោយជួបបញ្ហាផ្ទួនៗ ពិសេសជំងឺកូវីដ.១៩ដែលយើងត្រូវចំណាយច្រើន។មន្ត្រីដដែលបានបន្តថា ប្រឡាយបង្ហូរទឹកក៏ដូចអាងស្តុកទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានសត្រូវច្រើន សូម្បីវត្តក៏ចាក់ដីលប់ប្រឡាយដែរ។

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៏ថា ប្រឡាយប្រមាណ១២ខ្សែនៅប៉ែកខាងលិចរាជធានីភ្នំពេញ ត្រូវបានគេរំលោភ។ កាលពីជំនន់ទឹកភ្លៀងនាពេលកន្លងមកពេលយើងចុះទៅកាយស្តារប្រឡាយរំដោះទឹក គឺមានដីប្រឡាយមួយចំនួនបានក្លាយទៅជាកម្មសិទ្ធិរបស់គេទៅហើយ នោះហើយជាបញ្ហា តែទោះបីយ៉ាងណា យើងខិតខំដោះស្រាយអោយអស់លទ្ធភាពដែលមាន។ចំណែក លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងបុព្វហេតុបំរើប្រជាពលរដ្ឋ និងលើកទឹកចិត្តឱ្យមានការខិតខំដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋតាមតំរូវការ និងសំណូមពរឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពថែមទៀត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram