ក្រុមនិស្សិតចិញ្ចឹមសត្វចៀមបានជោគជ័យលើដីស្រុកព្រៃនប់…
ខេត្តព្រះសីហនុ ៖ ក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យ បាននិងកំពុងបើកកសិដ្ឋានចិញ្ចឹមចៀមដែលមានទីតាំងស្ថិតនៅក្នុងភូមិ អូត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយដំណើរការចិញ្ចឹមចៀមពូជយកសាច់ចំនួន៦១៥, មេពូជមេបណ្ដើរ
កូន ១៥០ក្បាល និងកូនតូចចំនួន២១៩ក្បាល ដែលទើបនឹងចាប់ផ្ដើមចិញ្ចឹមបានចំនួន៦ខែ ហើយលទ្ធផលទទួលបានសរុបចៀមកើនឡើងរហូតទៅដល់ជាង៩០០ក្បាលឯណោះ។

ប្អូនស្រី ព្រំ ផល្លី ផ្នែកទីផ្សារនៃក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យបានឲ្យដឹងថា បច្ចុប្បន្ន ក្រុមនិស្សិតមកពីបណ្ដាលរាជធានីខេត្ត រួមជាមួយខេត្តបន្ទាយមានជ័យបានសហការគ្នាបង្កើតកសិដ្ឋានចិញ្ចឹមចៀម នៅក្នុងស្រុកព្រៃនប់ ដោយប្អូនស្រីបានលើកឡើងថា តាំងចិញ្ចឹមនេះ គឺមានការជួយជ្រោមជ្រែងពីឯកឧត្តមឧប កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ផ្ដល់កន្លែង ចិញ្ចឹម សម្រាប់ដល់ក្រុមយុវ និស្សិតខេត្តបន្ទាយមានជ័យ ដើម្បីបង្កើន ប្រាក់ចំណូលនៅក្នុង សហគមន៍របស់ខ្លួន ហើយការចិញ្ចឹមនេះនៅលើផ្ទៃ ដីចំនួន២ហិកតាសម្រាប់ធ្វើរោង និងផ្ទៃដីសម្រាប់ ឲ្យចៀមដើរ ស៊ីស្មៅតាមធម្មជាតិលើផ្ទៃដី ជាង៣៤ហិកតា។

ប្អូនស្រីក៏បានបញ្ជាក់ផងដែរថាការចិញ្ចឹម របស់ក្រុមយុវនិស្សិតនៅក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននេះ ក្នុងគោលបំណងបង្កើតឲ្យទៅជាការចិញ្ចឹម ជាលក្ខណៈ កសិទេសចរណ៍ ព្រោះក្រុមយុវនិស្សិតបាននិងកំពុងចិញ្ចឹម ដូចជា ចៀម សត្វអូទ្រីស ដើម្បីចង់បង្ហាញទៅដល់បងប្អូនប្រជាពលរដ្ឋបានស្គាល់ ហើយមិនបាច់ចំណាយ ថវិកាច្រើន ទៅមើលការចិញ្ចឹមសត្វប្រភេទនេះនៅឯបរទេសឡើយ ព្រោះស្រុកខ្មែរយើង ក៏អាចចិញ្ចឹមបានដែរ ម្យ៉ាងវិញទៀតខណៈពេលនេះ ជំងឺកូវីដ19 កំពុង រាតត្បាតជាសកលផងនោះ ។









