បញ្ជូនជនសង្ស័យចំនួន៣នាក់ទៅតុលាការ…
ខេត្តព្រះវិហារ ៖ កំលាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានបញ្ជូនជនសង្ស័យ០៣នាក់រួមទាំងវត្ថុតាង និងសាធាតុញៀនចំនួន១២កញ្ចប់ ទូរស័ព្ទដៃចំនួន០៤គ្រឿង បញ្ជូនទៅកាន់តុលាកាខេត្តព្រះវិហារពាក់ព័ន្ធនឹងករណីរក្សាទុក ចែកចាយនូវសារធាតុញៀនខុសច្បាប់នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមិនាឆ្នាំ២០២១កន្លងទៅថ្មីៗនេះ កំលាំងអធិការដ្ឋាននគរបាលស្រុកគូលេនសហការជាមួយ កំលាំងនគរបាលរដ្ឋបាលប៉ុស្ដិ៍ស្រយ៉ង់បានចុះល្បាត់ពួនស្ទាក់ចាប់មុខសញ្ញាក្រុមក្មេងទំនើងបាន ០១នាក់ ដែលមានឈ្មោះ ពិសី ប៊ុនថេន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ក្រោយសមត្ថកិច្ចឃាត់ខ្លួន ឃើញមានម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន១កញ្ចប់តូចរួមនឹងទូរស័ព្ទដៃចំនួន១គ្រឿងផងដែល។ ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ យកទៅធ្វើតេស្ដទឹកនោមពិនិត្យឃើញ (វិជ្ជមាន) សារធាតុគ្រឿងញៀន។

ក្នុងការសួរចំលើយរបស់សមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពរួចមក។ លុះមកដល់ថ្ងៃទី៣១ខែឆ្នាំដដែល សមត្ថកិច្ចបានបន្តរធ្វើការស្រាវជ្រាវដើម្បីស្វែងរកមុខសញ្ញាដែលពាក់ពន្វ័ខាងលើ ក្រោយកិច្ចសហការនឹងយល់ព្រមពីម្ចាស់ផ្ទះដែលមានឈ្មោះ លី ព្រួច ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ ជាកសិករ ស្នាក់នៅភូមិស្រយ៉ងជើង ឃុំស្រយ៉ង ស្រុកគូលេន ខេត្តព្រះវិហារ រកឃើញជនសង្ស័យបានចំនួន២នាក់បន្ថែមទៀត ។
ដោយជនសង្ស័យទី១ឈ្មោះ ប៉ាវ ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃុំខាងលើ ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងពីជនសង្ស័យរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា «ម៉ាទឹកកក» ចំនួន១កញ្ចប់តូច។ ជនសង្ស័យទី២ឈ្មោះ ពល់ ធីវ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិឃុំជាមួយគ្នា ក្រោយសមត្ថកិច្ចឃាត់ខ្លួន ដកហូតបានម្សៅក្រាមពណ៌សថ្លា «ម៉ាទឹកកក» បានចំនួន១០កញ្ចប់ក្នុងនោះ (០៩កញ្ចប់តូចនឹង១កញ្ចប់ធំ) ផងដែរ៕
