ហាមឃាត់មន្ត្រីរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញមិនឲ្យតទឹកស្អាតចូលក្នុងភូមិ…
រាជធានីភ្នំពេញ ប្រជាពលរដ្ឋមួយគ្រួសារ រស់ក្នុងភូមិ ជំរៅថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ បានដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ ពីអាជ្ញាធរ ក្រោយពីមានបុគ្គលម្នាក់ជាមន្ត្រីយោធាឈ្មោះ ផង់ សុថុល ជាអ្នករកស៊ីលក់ទឹកក្នុងភូមិ ហាមឃាត់មិនឲ្យតបណ្ដាញទឹកស្អាតមកប្រើប្រាស់ ដែលករណីនេះធ្វើឲ្យមានការផ្ទុះជម្លោះពាក្យសម្ដីគ្នា។ហេតុការណ៍ឈ្លោះទាស់ទែងគ្នារឿងតបណ្ដាញទឹកស្អាតនេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១០ ខែធ្នូឆ្នាំ២០២០ នៅក្នុងភូមិ ជំរៅថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលជាភូមិមួយមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់នៅឡើយ។

តាមការរៀបរាប់ពីឈ្មោះ ហេង តុលា ជាមន្ត្រីអគ្គីសនីបានអោយដឹងថា ដោយសារផ្ទះរបស់គាត់នៅ ខាងក្នុងភូមិ ហើយមិនទាន់បណ្ដាញទឹកស្អាតប្រើប្រាស់ ចំណែកទឹកឯកជន លក់ក្នុងតម្លៃ៣ពាន់រៀលក្នុង១ម៉ែត្រគូប ដែលតម្លៃនេះវាហាក់មានតម្លៃថ្លៃ ទើកគាត់បានដាក់ពាក្យទៅរដ្ឋាករទឹកស្វយ័ត្នរាជធានីភ្នំពេញសុំតបណ្ដាញទឹកស្អាតយកមកប្រើប្រាស់ តែបែរជាមានការហាមឃាត់ពីអ្នករកស៊ីលក់ទឹកមិនឲ្យមន្ត្រីរដ្ឋាករទឹកតបណ្ដាយទឹកស្អាតចូលទៅក្នុងភូមិ ទោះដាក់កុងទ័រនៅលើផ្លូវសាធារណះក៏ដោយ។

ការរៀបរាប់ដដែលបានបន្តថា ការហាមឃាត់មិនឲ្យតបណ្ដាញទឹកស្អាតចូលនេះព្រោះឈ្មោះផង់ សុថុល ជាមន្ត្រីយោធាខ្លាចបាត់បង់ផលប្រយោជន៍របស់ខ្លួន ដែលកំពុងតែ ធ្វើអាជីវកម្មលក់ទឹក អោយប្រជាពលរដ្ឋ ក្នុងភូមិនោះ។

សារព័ត៍មានCPNSនៅមិនទាន់អាចសុំការអធិប្បាយពីលោក ផង់ សុថុល ចំពោះការលើកឡើងខាងលើនេះបាននៅឡើយទេ៕

