គេរវល់ភ័យបងប្អូនគ្រោះថ្នាក់ចរាចរណ៍ បែរជាបន្លំ បើកទ្វារឡាន លួចម៉ាស៊ីនផ្សារដែក!…
រាជធានីភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូឆ្លងកាត់ផ្លូវបំបែក ត្រូវបុរសជនជាតិចិន បើករថយន្ត បុកពេញទំហឹង បណ្ដាលឲ្យប៉ើងជាង ១០ម៉ែត្រ បែកក្បាល របួសធ្ងន់ធ្ងរ។ ពេលបងប្អូនសាច់ញាតិ មកដល់កន្លែងកើតហេតុ រវល់តែភ័យនឹងអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ ចតរថយន្តទុកចោល ក៏ត្រូវជនសង្ស័យម្នាក់ បើកទ្វាររថយន្ត ប៉ុនប៉ងលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង ៨ និង ២០នាទី យប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០។ ហេតុការណ៍នេះ បានកើតកើតឡើង នៅចំណុចផ្លូវ៤៣៦ កែងផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសរងគ្រោះ ដែលត្រូវឡានបុក មានឈ្មោះ កែវ សម្បត្តិ អាយុ ៥០ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី ស្នាក់នៅភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ប្តីគាត់បានបើកម៉ូតូកង់បីឥណ្ឌា ទៅផ្ទះបងប្អូន នៅច្បារអំពៅ ហើយត្រលប់មកផ្ទះវិញ ជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GO-3168។ ប៉ុន្តែខណៈពេលកំពុងចាំបាយប្ដី ក៏មានសមត្ថកិច្ច ទូរស័ព្ទមកប្រាប់ថា ប្ដីគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ របួសបែកក្បាល។ បន្ទាប់មក គាត់បានអោយបងប្អូនរត់តាក់ស៊ី បើករថយន្ត ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-1135 ជូនមកកន្លែងកើតហេតុតែម្ដង។នគរបាល បានអោយដឹងថា រថយន្តម៉ាកនីសាន់ ណាវ៉ារ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-1262 បើកបរដោយបុរសជនជាតិចិន បើកតាមផ្លូវ៤៣៦ ក្នុងទិសដៅពីលិចទៅកើត។ ចំណែកម៉ូតូPCX បើកបរដោយបុរសម្នាក់ តាមផ្លូវ៩៩ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចខាងលើ ម៉ូតូជិះឆ្លងផ្លូវ ត្រូវរថយន្តបុកពេញទំហឹង បណ្ដាលឲ្យបុរសអ្នកបើកម៉ូតូ របួសធ្ងន់បែកក្បាល ត្រូវរថយន្តសង្រ្គោះឯកជន ដឹកយកទៅព្យាបាល។

សមត្ថកិច្ចបន្តទៀតថា ខណៈពេលសាច់ញាតិបងប្អូនរវល់មើលជនរងគ្រោះ ដែលកំពុងដឹកយកទៅព្យាបាល ស្រាប់តែមានជនសង្ស័យ ឈ្មោះ នឹម នឿន ភេទប្រុស អាយុ ២២ឆ្នាំ មិនមានមុខរបរហើយក៏ស្នាក់នៅពិតប្រាកដ និងជាអ្នកប្រើប្រាស់គ្រឿងញៀនជាង ១ឆ្នាំ បានឆ្លៀតឱកាស បើកទ្វាររថយន្ត ដែលសាច់ញាតិរបស់ជនរងគ្រោះជិះមកចតទុកតាមផ្លូវ បំណងលួចម៉ាស៊ីនផ្សារដែក ទុកក្នុងរថយន្ត។ ចៃដន្យម្ចាស់រថយន្ត ដែលជាក្រុមគ្រួសារអ្នករងគ្រោះ ក្រឡេកឃើញទាន់ ស្រែកផ្អើល ចាប់បាន ប្រគល់អោយសមត្ថកិច្ច។ តែក្រុមគ្រួសារបុរសរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ មិនបានដាក់ពាក្យប្ដឹងទេ ដោយស្នើសុំអោយនគរបាល អប់រំនៅកន្លែងកើតហេតុ រួចដោះលែងវិញ៕



