ជនសង្ស័យម្នាក់ធ្វើសកកម្មភាពកាច់សោរ.ក ម៉ូតូនៅខណ្ឌពោធិ៍សែនជ័យត្រូវប្រជាពលរដ្ឋចាប់បានវាយបែកក្បាលប្រគល់ឲ្យសមត្ថកិច្ច..!!!

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពកាច់សោរ.កម៉ូតូរបស់ជនរងគ្រោះនៅខណ្ឌពោធិ៍សែនជ័យបម្រុងជិះគេចខ្លួនតែត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោត្រូវបានប្រជាពលរដ្ឋអន្តរាគមន៍ចាប់បានវាយមួយដៃម្នាក់បណ្តាលឲ្យបែកក្បាលប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យឈ្មោះ វុធ ថា ភេទប្រុស អាយុ៥៩ឆ្នាំ ប្រកបមុខរបរអ្នកបើកបរ គ្មានទីលំនៅពិតប្រាកដ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ រងការចោទប្រកាន់អំពើចោរកម្ម(លួចម៉ូតូ)។បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យឲ្យដឹងថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ស្រ្តីម្នាក់មានឈ្មោះ បាន ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ ប្រកបមុខរបរលក់ដូរ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានខ្ចីម៉ូតូមិត្តភក្តិ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ មកឈប់នៅខាងមុខរោងចក្រហ្វានទុងហើយចាក់សោរ.កម៉ូតូ ដើរចូលទិញឥវ៉ាន់។

លុះបន្ទាប់មកស្រាប់តែជនសង្ស័យឈ្មោះ វុធ ថា ធ្វើសកម្មភាពយកសោរកែច្នៃកាច់សោរ.កម៉ូតូនោះបម្រុងជិះគេចខ្លួន។
នៅពេលនោះស្រ្តីរងគ្រោះឃើញជនសង្ស័យក៏ចាប់ម៉ូតូនោះជាប់ហើយស្រែកឆោឡោថាចោរក៏ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះចេញមកអន្តរាគមន៍ចាប់ជនសង្ស័យនាំគ្នាវាយជនរងគ្រោះបណ្តាលឲ្យបែកក្បាលទើបសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ហើយបានប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។
ក្នុងនោះក៏បានដកហូតវត្ថុតាងសោរដែកកែច្នៃសម្រាប់កាច់សោរ.កម៉ូតូ១ដើមផងដែរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram