សមត្ថកិច្ចថៃសម្រេចចិត្ត បាញ់សម្លាប់ខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់មនុស្សមិនប្រណីនៅផ្សារទំនើប……
ប្រទេសថៃ៖ ដល់ទីបំផុតទៅ ខ្មាន់កាំភ្លើងជាទាហាន ឈ្មោះ Jakraphanth Thomma ត្រូវបានសមត្ថកិច្ចថៃ សម្រេចចុងក្រោយ ដោយជ្រើសរើសយកការបាញ់សម្លាប់ទៅលើជននោះតែម្ដង គឺបានបាញ់សម្លាប់ខ្មាន់កាំភ្លើងនោះហើយនៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកុម្ភ: ឆ្នាំ២០២០ នេះ។

ការសម្រេចចិត្តចុងក្រោយរបស់សមត្ថកិច្ចនេះ គឺដោយសារខ្មាន់កភ្លើង សាហាវ បាញ់សម្លាប់មនុស្សមិនរើសមុខ បាញ់តដៃជាមួយសមត្ថកិច្ច បើទុកជីវិត ជននេះនឹងបាញ់សម្លាប់មនុស្សបន្ថែមទៀត ហើយជាក់ស្ដែង ជននេះបានធ្វើសកម្មភាពបាញ់សម្លាប់មនុស្ស ២៥នាក់ និងរបួសជាង៣០នាក់ នៅឯផ្សារទំនើបមួយកន្លែង។

បើតាមសារព័ត៌មានថៃ បានផ្សាយឱ្យដឹងថា ជនដៃដល់ជាទាហានថៃម្នាក់ ដែលបាញ់សម្លាប់មនុស្ស ២៥នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ហើយ! ដើម្បីរារាំង និងបញ្ចៀសការរាលដាលសោកនាដកម្ម ដែលជននេះមានកំហឹងបាញ់សម្លាប់មនុស្សបន្តបន្ទាប់ បណ្តាលឱ្យស្លាប់ និងរបួសកើនឡើងបង្កអសន្តិសុខ។

ប្រភពព័ត៌មានបានឱ្យដឹងថា ទាហានថៃម្នាក់ ដែលបានបាញ់សម្លាប់មនុស្ស២៥នាក់ ត្រូវបានកងកម្លាំងសន្តិសុខថៃ បាញ់សម្លាប់ហើយ នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងទីក្រុង Nakhon Ratchasima (Korat) នៅព្រឹកថ្ងៃអាទិត្យនេះ។ នេះបើតាមប៉ូលិសថៃ ដកស្រង់ការផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។

ការបាញ់សម្លាប់ទាហានជាខ្មាន់កាំភ្លើងខាងលើ ធ្វើឡើង បន្ទាប់ពី មានហេតុការណ៍បាញ់ប្រហារដ៏សាហាវមួយ បានកើតឡើងនៅម៉ោងប្រមាណ ៣៖៣០នាទីរសៀល កាលពីថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅពេលទាហានម្នាក់ឈ្មោះ Jakraphanth Thomma បាញ់សម្លាប់មេបញ្ជាការម្នាក់របស់ខ្លួនឯង និងមនុស្សពីរនាក់ផ្សេងទៀត នៅឯបន្ទាយទ័ព Surathampithak បន្ទាប់មក គេបានយកកាំភ្លើងទៅជាមួយ រួចហើយបាញ់ប្រហារមនុស្សនៅក្នុងផ្សារទំនើបតែម្ដង។



