រថយន្តពាក់ស្លាកលេខ ខ.ម បុកទ្រូងផ្លូវរួចផ្លោងបុកជញ្ចាំងនិងទ្វាផ្ទះប្រជាពលរដ្ឋខូចខាតយ៉ាងដំណំ…
រាជធានីភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តម៉ាក Ford Range ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 .2.4761 ជ្រុលទៅបុកទ្រូងផ្លូវបាក់អស់១កង់ រួចហេីយផ្លោងមកបុកជញ្ចាំងនិងទ្វាផ្ទះប្រជាពលរដ្ឋបន្ថែមទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១១ និង១០យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ចំណុចស្ទុបទំនប់ទឹក ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បេីតាមសាក្សីនៅកន្លែងកេីតហេតុបានបង្ហេីបប្រាប់ឲ្យដឹងថា ដំបូងគេឃេីញរថយន្តម៉ាក Ford Range ពណ៌ត្រីអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 .2.4761 ដែលបេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកេីតហេតុ សង្ស័យគេចពីម៉ូតូឆ្លងកាត់ ក៏រេចង្កូតទៅបុករបាំថ្មពុះទ្រូងផ្លូវបាក់អស់១កង់ រួចហេីយរថយន្តបង្កបានផ្លោងទៅបុកជញ្ចាំងនិងទ្វាផ្ទះប្រជាពលរដ្ឋមួយល្វែងដែលនៅជាប់ផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ បន្ថែមទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែក៏សំណាល្អដែរមិនប៉ះពាល់ដល់មនុស្សណាម្នាក់រងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិត ។

ក្រោយកេីតហេតុភ្លាមៗ សមត្ថកិច្ចខណ្ឌចំការមន បានសហការជាមួយសមត្ថកិច្ចខណ្ឌមានជ័យ ចុះមកពិនិត្យមេីលស្ថានភាពជាក់ស្ដែង និងសម្របសម្រួលភាគីម្ចាស់ផ្ទះ និងភាគីរថយន្តបង្កដេីម្បីឲ្យបញ្ចប់គ្នានៅនិងកន្លែង តែដោយសារភាគីទាំងពីរមិនត្រូវគ្នា ព្រមទាំងរថយន្តបង្កបានប៉ះពាល់ដល់សម្បត្តិរដ្ឋផងនោះ ទេីបសមត្ថកិច្ចសម្រេចទាក់ទងទៅជំនាញចរាចរណ៍រាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ៕



