រដ្ឋបាលក្រុងព្រះសីហនុ បានដឹកនាំអាជ្ញាធររដ្ឋបាលសង្កាត់៤ និងក្រុមហ៊ុនសំរាម KSWM ចុះរៀបចំសណ្ដាប់ធ្នាប់នៅតំបន់មានពលរដ្ឋសង់រោង និងតូបលក់ដូរលើដងផ្លូវ និងចំណីផ្លូវ…
ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋបាលក្រុងព្រះសីហនុ បានដឹកនាំអាជ្ញាធររដ្ឋបាលសង្កាត់៤ និងក្រុមហ៊ុនសំរាម KSWM សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយដងផ្លូវឆ្ពោះទៅកាន់វត្តអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងនិងខេត្តព្រះសីហនុ ឱ្យមានរបៀបរៀបរយឡើងវិញ បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានសង់រោង និងតូបលក់ដូរបំពានលើដងផ្លូវ និងចំណីផ្លូវជាបន្តបន្ទាប់។

កន្លងមក ការសង់រោង និងតូបលក់ដូរមិនរៀបរយ ពិសេសបំពានលើដងផ្លូវ និងចំណីផ្លូវរបស់បងប្អូនប្រជាពលរដ្ឋ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើចរាចរណ៍លើដងផ្លូវ ងាយនឹងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបានធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ដោយសារការទុកដាក់សំរាមមិនបានត្រឹមត្រូវ បង្កឱ្យប៉ះពាល់ដល់សោភ័ណ្ឌភាពក្រុងព្រះសីហនុ ដែលជាទីក្រុងទេសចរណ៍ដ៏មានសក្ដានុពលរបស់កម្ពុជា។











នៅក្នុងការអនុវត្តវិធានការរដ្ឋបាលដើម្បីធានាសណ្ដាប់ធ្នាប់សាធារណៈនេះដែរ អាជ្ញាធរបានពន្យល់ណែនាំជូនប្រជាពលរដ្ឋអំពីកំហុសឆ្គងរបស់ពួកគាត់ និងផលប៉ះពាល់នានាដូចបានរៀបរាប់ខាងលើ និងបានធ្វើកំណត់ហេតុ ដោយមានបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តផ្ដិតមេដាយ ដើម្បីជាសក្ខីភាពនៃការបញ្ឈប់មិនឲ្យមានសកម្មភាពបែបនេះកើតឡើងសារជាថ្មី ពោលគឺប្រសិនបើមានការបំពានបែបនេះទៀត អាជ្ញាធរនឹងអនុវត្តតាមនីតិវិធីច្បាប់។
«សូមបងប្អូនចូលរួមទាំងអស់គ្នា ដើម្បីទីក្រុងយើងស្អាត»។
