សង្ស័យស្រវឹងស្រា បុរសម្នាក់ បើករថយន្តHillux Vigoពាក់ស្លាកលេខនគរបាលទៅបុកបង្គោលភ្លើងថ្មនៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យបាក់អស់១ដើម…
ភ្នំពេញ ៖ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចខាងត្បូងស្ពានច្បារអំពៅប្រមាណ៧០ម៉ែត្រ ផ្លូវបេតុង ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកHillux Vigo ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល2-8988 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦៩ មានទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតមកខាងស្ដាំដៃទៅបុកនឹងបង្គោលភ្លើងថ្មបណ្ដាលឲ្យបាក់១ដើម ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំពោះអ្នកបើកបានរងរបួសបែកចិញ្ចើមបន្តិចបន្តួច ហើយចុះពីលើរថយន្តទាក់ទងទៅសាច់ញាតិមកដឹកយកទៅមន្ទីរពេទ្យព្យាបាលខ្លួនឯង ៕


