សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់គ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះឈើ១ខ្នង អស់ទាំងស្រុង នៅឃុំពូជ្រៃ …

មណ្ឌលគិរីៈ ដើម្បីជួយដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយអគ្គិភ័យឆេះផ្ទះឈើចំនួន ១ខ្នងផ្ទះ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោក សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសមាជិក សមាជិកា និងអនុសាខាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌មួយចំនួនរបស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនដល់លោក ទីន សារី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិអ៉ីស្លាម មុខរបរសមាជិកក្រុមប្រឹក្សាស្រុកពេជ្រាដា រងគ្រោះអគ្គិភ័យឆេះផ្ទះ ១ខ្នង ទំហំ ៩ម៉ែត្រ គុណ ២៥ម៉ែត្រ និងខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះ អស់ទាំងស្រុង ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោក សាយ ម៉េងគីម បានចូលរួមសោកស្តាយចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះ របស់លោក ទីន សារី ដែលជាសមាជិកក្រុមប្រឹក្សាស្រុកពេជ្រាដា បណ្ដាលឱ្យមានការខូចខាតសម្ភារប្រើប្រាស់ក្នុងផ្ទះសំបែង និងទ្រព្យសម្បត្តិជាច្រើនផងដែរ។

នាឱកាសនោះ លោក ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស្វាយ  សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពជាខេត្ត ជាពិសេស សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់ គិតគូរពីសុខុមាលភាពជូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ជាក់ស្តែង គ្រួសាររងគ្រោះ នាពេលនេះ ទទួលបានអំណោយមនុស្សធម៌មួយចំនួនពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូចជាសប្បុរសជននានា ដើម្បីជួយដោះស្រាយនូវការខ្វះខាតបានមួយរយៈពេលខ្លី។

លោក បានលើកទឹកចិត្តដល់គ្រួសាររងគ្រោះ ត្រូវខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិតបន្ថែមទៀត ដើម្បីស្ដារជីវភាពគ្រួសារឡើងវិញ។

នាឱកាសនោះ លោក សាយ ម៉េងគីម បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះ រួមមានះ អង្ករ ៥០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១០កំប៉ុង ប្រេងឆា ២ដប មុង១ សារុង១ ក្រមា១ ភួយ១ កន្ទេល១ តង់១ និងថវិកាចំនួន ៣០០,០០០រៀល៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram