បន្ទាប់ពីជួយអ្នករងគ្រោះដោយទឹកលិចផ្ទះ ពេលនេះគាត់ក៏ជួបគ្រោះថ្នាក់ ឡានបុកបាក់ជេីងម្ខាង តេីមានមនុស្សប៉ុន្មាននាក់ជួយគាត់វិញ…
មន្ត្រីអាវុធហត្ថខណ្ឌដង្កោមួយរូប ទើបចេញពីជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចលង់ដោយជំនន់ទឹកភ្លៀង ជិះម៉ូតូត្រលប់មកផ្ទះវិញ បែរជាត្រូវរថយន្តបុកបាក់ជើងម្ខាង ហើយបើករត់បាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង០៨:៤៥នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចមុខធនាគារABA ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមសម្ដីភរិយារបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្ដីរបស់គាត់មានឈ្មោះ យក់ ពិសិដ្ឋ មុខរបរមន្ត្រីអាវុធហត្ថខណ្ឌដង្កោ ស្នាក់នៅជាមួយគាត់នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បានជិះម៉ូតូមួយគ្រឿង ម៉ាក Honda PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HK-0995 ត្រលប់មកពីចុះបេសកម្មជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងលិចលង់ផ្ទះសំបែង នៅក្នុងខណ្ឌដង្កោ លុះចប់ម៉ោងប្ដូរវេន ក៏ធ្វើដំណើរត្រលប់មកផ្ទះវិញ ស្រាប់តែប្ដីរបស់គាត់ទូរស័ព្ទមកប្រាប់ថា ត្រូវរថយន្តបុកបណ្ដាលឲ្យរងរបួសបែបនេះទៅវិញ ទើបរូបគាត់ប្រញាប់ប្រញាល់ប្រាប់អ្នកផ្ទះ នាំគ្នាចេញពីផ្ទះមកកន្លែងកើតហេតុតែម្ដង ។




