មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីចុះធ្វើការទប់ស្កាត់ដកបង្គោលរបងអ្នករំលោភយកដីរដ្ឋក្នុងភូមិពូរ៉ាង ឃុំ សែនមនោរម្យ នៅមណ្ឌលគិរី…
ខេត្តមណ្ឌលគិរី៖ ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ខណៈពេលដែលដឹកនាំក្រុមអ្នក សារព័ត៌មានចុះសិក្សាស្វែងយល់ពីការងារការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុង ភូមិសាស្ត្រខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី៤ខែតុលាឆ្នាំ២០២០ កន្លង មកបានឱ្យដឹងថា បើទោះជាក្រសួង ខិតខំទប់ស្កាត់ បទល្មើស ធនធាន ធម្មជាតិ និង ការទន្ទ្រានដី រដ្ឋ ក៏នៅមានជនខិល ខូចមួយចំនួន បាន ឆ្លៀត ឱកាស លួច បោះបង្គោល របង ដើម្បី ទន្ទ្រាន កាន់ កាប់ ដីរដ្ឋ និងដីតំបន់ការពារ ដោយ ខុស ច្បាប់ផងដែរ ដែលករណីនេះ ក្រសួង នឹង ចាត់វិធានការ ផ្លូវ ច្បាប់ លើជនទាំងនោះដោយ មិន លើកលែង នោះទេ ។

បង្គោលជាច្រើនដើមត្រូវបានអាជ្ញាធរប្រចាំនៅ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងមានការចូលរួមពីសំណាក់មន្រ្តីនៃក្រសួងបរិស្ថានបានចុះធ្វើការដកនិងកំទេចចោលជាច្រើនដើមបន្ទាប់ពីជនខិលខូចធ្វើការលបលួចដាំរំលោភយកដីរដ្ឋដោយខុសច្បាប់រួចមក។ជាមួយការចុះដកបង្គោលនេះដែរត្រូវបានមន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានគឺ លោក នេត្រ ភក្ត្រាមន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានចុះពិនិត្យ ដោយផ្ទាល់ នៃបង្គោលរបងដែលបោះរំលោភបំពានយកដីរដ្ឋនេះ លោកបានធ្វើការព្រមាន ដល់ជនដែល រំលោភកាន់កាប់ដីរដ្ឋដោយខុសច្បាប់នេះថានឹងសើបអង្កេតដើម្បីធ្វើការផ្តន្ទាទោសផ្លូវច្បាប់នាថ្ងៃខាងមុខ។

ពាក់ព័ន្ធនឹងការចុះបង្រ្កាបការបោះបង្គោលខុសច្បាប់នេះដែរលោករដ្ឋលេខាធិការបានបញ្ជាក់ថា “ពេលនេះ យើងឃើញមានការ បោះបង្គោលរបងមួយចំនួន ដែលទន្ទ្រានកាន់ កាប់ ដោយ ខុសច្បាប់ នៅ ចំណុចភូមិពូរ៉ាង ឃុំ សែនមនោរម្យ ស្រុកអូររាំង យើង កំពុងតែធ្វើការ ស៊ើប អង្កេត ស្វែង រកថា តើនណារ ជាអ្នកដែលបោះ បង្គោល នៅកន្លែងហ្នឹង ដើម្បីយើងអនុវត្ត ទៅតាមច្បាប់»។ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានអំពាវនាវឱ្យមានការបញ្ឈប់ជា បន្ទាន់នូវ សកម្មភាពទាំងអស់នេះ ព្រោះថាវា ជាសកម្មភាព ខុស ច្បាប់ ហើយ ក្រសួងនឹងអនុវត្តច្បាប់ ដោយមិនលើកលែងចំពោះជនទាំងឡាយ ណា ដែលបំពាន នេះសោះឡើយ។គួរបញ្ជាក់ថាក្នុងការចុះពិនិត្យនិងសកម្មភាពបោះបង្គោលរបងខុសច្បាប់នេះដែរមន្រ្តីមូលដ្ឋាននិងមន្ត្រីក្រសួង បរិស្ថាន បាន ដក បង្គោល របង ឈើ និងថ្ម ដែលហ៊ុព័ទ្ធដីដោយខុសច្បាប់ នៅចំណុច ភូមិពូរ៉ាង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្ត មណ្ឌល គិរី ប្រមាណជិត១០០ដើមនិង បង្គោលដែលនៅសេសសល់នឹងធ្វើការដកបន្ថែមទៀតនៅពេលក្រោយ។

បើតាមលោករដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា បច្ចុប្បន្នមន្ត្រីឧទ្យានុរក្សនៃក្រសួង បរិស្ថានចំនួន ១២០០ នាក់បាននឹងកំពុងបំពេញតួនាទីជាឆ្នាំព្រៃការពារនិងអភរិក្សធនធានធម្មជាតិ និងបានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់នៅតាមបណ្តាតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ កម្ពុជាដែលបច្ចុប្បន្ននេះមានតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៦
កន្លែង ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ការពារទេសភាព និងតំបន់រ៉ាមសារដែលមានផ្ទៃដីសរុប ៧,៣ លានហិកាស្មើប្រមាណ ៤១ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។ ទាក់ទងនឹងតំបន់ការពារធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរីលោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថាមានចំនួន ៦ កន្លែង មានផ្ទៃដីសរុបប្រមាណ ១ លានហិកតា ដែលក្នុងនោះរួមមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃភ្នំព្រេច និងរបៀងអភិរក្សជីវៈចម្រុះឦសាន។

លោករដ្ឋលេខា ធិការបានឱ្យដឹងដែរថានៅក្នុងការគ្រប់គ្រងអភិរក្សតំបន់ការពារធម្មជាតិទាំងនេះ មន្ទីរបរិស្ថានមានមន្ត្រីឧទ្យា នុរក្សសរុបចំនួន ១០៤ នាក់ដែលចំនួននេះនៅមិនទាន់ឆ្លើយតបនៅឡើយជាមួយទំហំដីដែលត្រូវអភិរក្ស និងការពារ។យ៉ាងណាក្តី លោកបានថ្លែងផងថា”មន្ត្រីឧទ្យានុរក្សបានរៀបចំវិធីសាស្ត្រល្បាត ដោយក្នុងនោះមានទាំងវិធីសាស្ត្រថ្មើជើង ម៉ូតូ និងរថយន្ត និងមានការប្រមូលទិន្នន័យព័ត៌មានដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ការចុះល្បាតក៏មានការសហការចូលរួមពីកម្លាំងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ និងកម្លាំងប្រជាសហគមន៍តំបន់ការពារធម្មជាតិចូលរួមសហកាដើម្បីប្រសិទ្ធភាពនៃការទប់ស្កាត់និងបង្ក្រាបទល្មើស។

យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅក្នុងរយៈពេល ៩ ខែឆ្នាំ២០២០មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះល្បាតក្នុងតំបន់ការពារធម្មជាតិចំនួន២៩៩៥ លើកដោយបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១៥២៨ ករណី ដែលក្នុងនោះបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន ៨៤ ករណី ពិន័យអន្តរការណ៍ចំនួន ២៦ ករណី រឹបអូសរណាយន្តបានចំនួន ៣៦៤គ្រឿង ចាប់ឃាត់រថយនកតចំនួន ៣៤គ្រឿង ដោះអន្ទាក់ចម្រុះ សរុបចំនួន ២៩៥៧ខ្សែ៕
