បែកធ្លាយព័ត៌មានប្ដឹងលោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងលោក ពុំ រតនៈ ប្រធានផ្នែកគ្រប់គ្រងទណ្ឌិតពាក់ព័ន្ធរឿងពុករលួយបើកលក់ទូរស័ព្ទ ជួលឲ្យប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ទៅអង្គភាពប្រឆាំងអំពើពុករលួយ…

(ខេត្តស្ទឹងត្រែង) ៖ មានការបែកធ្លាយវីដេអូសកម្មភាពទណ្ឌិតជាប់ឃុំក្នុងពន្ធនាគារខេត្តស្ទឹងត្រែងបានលេងទូរស័ព្ទយ៉ាងរំភើយ និងសេរីភាពតែម្ដង ក្រោមការបើកដៃរទិញលក់ និងបង់សេវាកម្មប្រើទូរស័ព្ទក្នុងពន្ធនាគារ ក្នុងនោះមានឯកសារពាក្យបណ្ដឹងដែលផ្ញើមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានប្ដឹងលោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងលោក ពុំ រតនៈ ប្រធានផ្នែកគ្រប់គ្រងទណ្ឌិត ពាក់ព័ន្ធការទទួលសំណូក ប្រមូលលុយពីទណ្ឌិតក្នុងបន្ទប់ពន្ធនាគារខេត្តស្ទឹងត្រែង។
យោងតាមពាក្យបណ្ដឹងបានប្ដឹងជូន ឯកឧត្តមកិត្តិកោសលបណ្ឌិត ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលអង្គភាពសារព័ត៌មានយើងខ្ញុំ ទទួលបានឲ្យដឹងថា៖ រូបគាត់ជាទណ្ឌិត ទណ្ឌិតរួមបន្ទប់ និងទណ្ឌិតដែលរស់នៅក្នុងបន្ទប់ដទៃទៀត កំពុងជាប់ឃុំអនុវត្តទោសនៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ត្រូវបានលោកប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ទារលុយបង់បន្ទប់ពីទណ្ឌិតទាំងអស់ និង ចាត់មន្ត្រីក្រោមឱវាទគាត់ឈ្មោះ ពុំ រតនះ ជាប្រធានផ្នែកគ្រប់គ្រងទណ្ឌិត និងជនជាប់ឃុំ ដើរប្រមូលលុយពីបន្ទប់នីមួយៗ និងតែងតែគម្រាមកំហែងអោយបង់ប្រាក់ប្រចាំខែ ដោយក្នុងមួយបន្ទប់ប្រមូលចាប់ពី ៤០០០ដុល្លា ទៅ ៧០០០ដុល្លាអាមេរិក ដោយអោយប្រមូលរួមគ្នាសម្រាប់ទណ្ឌិតម្នាក់ ត្រូវបង់ចាប់ពី១០០ដុល្លា ទៅ៣០០ដុល្លាអាមេរិក ជាថ្នូរសម្រាប់ការសម្រួលអោយការរស់របស់ពួកគេនៅក្នុងបន្ទប់ពន្ធនាគារមានភាពងាយស្រួលរស់នៅ និងអាចប្រើ ប្រាស់ទូរស័ព្ទបាន។
ក្នុងករណីអ្នកដែលគ្មានលទ្ធភាព និងមិនព្រមបង់ប្រាក់ខាងលើទេ ពួកគេត្រូវចាត់អោយទៅនៅក្នុងបន្ទប់ផ្សេង សម្រាប់អ្នកដែលគ្មានលទ្ធភាពលុយបង់តាមការកំណត់ ហើយពួកអ្នកទាំងនោះ អាចប្រឈមនិងការទទួលពិន័យផ្សេងៗ ឬរងការប្រើពាក្យសំដីដែលមិនសមរម្យ និងគ្មានសិទ្ធប្រើប្រាស់ទូរស័ព្ទនោះទេ។ ដោយសារតែយើងខ្ញុំពុំមានជម្រើស និងចង់អោយការរស់នៅមានភាពងាយស្រួល ចេះតែព្យាយាមរកលុយពីក្រុមគ្រួសារយកមក បង់ជូនលោកប្រធាន និងបក្សពួកលោកប្រធានតាមការកំណត់។ ហេតុនេះបានធ្វើអោយក្រុមគ្រួសារខ្ញុំបាទទទួលកាតព្វកិច្ចទៅរកប្រាក់មកអោយខ្ញុំបាទ យកមកប្រើប្រាស់ ដែលធ្វើអោយជីវភាពក្នុងគ្រួសារខ្ញុំបាទមានការប៉ះពាល់ជាខ្លាំង តែចេះតែព្យាយាម តាមការកំណត់របស់ក្រុមមន្ត្រីពុករលួយក្នុងពន្ធនាគារខេត្តស្ទឹងត្រែងនេះ។ ខ្ញុំបាទមានការព្រួយបារម្ភ និងអាណិតគ្រួសាររបស់ខ្ញុំបាទជាខ្លាំង និងក្រុមគ្រួសារទណ្ឌិតដទៃទៀតដែលជួបប្រទះ និងការគម្រាមកំហែងអោយយកលុយមកបង់ដូចខ្ញុំបាទដែរ។
យើងទាំងអស់គ្នាបានពិភាក្សារកដំណោះស្រាយអោយបានត្រឹមត្រូវ និងឯកភាពគ្នាសម្រេចរាយការណ៍តាមពាក្យបណ្ដឹងនេះឡើងជូនអង្គភាពប្រឆាំងអំពើពុករលួយ ដោយពួកខ្ញុំបាទ សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យបណ្ដឹងនេះរួច និងពិនិត្យភស្តុតាងរបស់ ខ្ញុំបាទហើយ អង្គភាពប្រឆាំងអំពើពុករលួយ និងអាចចាត់ក្រុមការងារពិនិត្យស្រាវជ្រាវ ដើម្បីស្វែងរកបទល្មើសពុក រលួយដែលប្រព្រឹត្តយ៉ាងបើកចំហរដោយក្រុមបក្សសម្ព័ន្ធក្នុងពន្ធនាគារនេះ ដែលកើតឡើងជាច្រើនយូរឆ្នាំមកហើយ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យឿន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយរកយុត្តិធម៌ជូនដល់ក្រុមគ្រួសារខ្ញុំបាទទាំងអស់គ្នាដោយក្តីសេចក្ដីអនុគ្រោះបំផុត។
យោងតាមសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លេខ០០៣ ស.ណ.ន ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ស្ដីពីការបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្ត ដោយយោងតាមការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ១.បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទដែលដាក់ឲ្យជនជាប់ឃុំប្រើប្រាស់ ចាប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ រហូតដល់មានបទបញ្ជាថ្មី។ ២.ករណីរកឃើញទូរស័ព្ទដែលបំរុងនាំចូល ឬរកឃើញទូរស័ព្ទក្នុងពន្ធនាគារត្រូវធ្វើកំណត់ហេតុដកហូតរក្សាទុក។ ចំពោះជនដែលប្រព្រឹត្តបទល្មើស ត្រូវមានវិធានការតាមផ្លូវច្បាប់ដូចមានចែងក្នុងមាត្រា៥៧១ និងមាត្រា៥៧២ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា និងដាក់វិន័យតាមបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។ ៣.ត្រូវរាយការណ៍អំពីសភាពការណ៍ និងលទ្ធផលនៃការចាត់តាំងអនុវត្តសេចក្ដីណែនាំនេះ តាមរយៈរបាយការណ៍ប្រចាំថ្ងៃមកអគ្គនាយកដ្ឋានពន្ធនាគារ។
ករណីនេះផងដែរ អង្គភាពយើងខ្ញុំ មិនអាចសុំការបំភ្លឺពីលោក លឹម វាសនា និងលោក ពុំ រតនៈ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង។
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពយើងខ្ញុំ នឹងរងចាំមើលថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនឹងមានវិធានការណ៍បែបណាក្រោយបែកធ្លាយវីអូខេលក់ និងជួលទូរស័ព្ទ និងបង់សេវាប្រចាំខែទៅលោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងលោក ពុំ រតនៈ ប្រធានគ្រប់គ្រងទណ្ឌិត? ទោះបីជាយ៉ាងណាក៏ដោយអង្គភាពយើងខ្ញុំ នឹងរងចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅរៀងរាល់ម៉ោងធ្វើការ សម្រាប់ព័ត៌មានលំអិតវីអូខេនឹងផ្សាយនៅវគ្គបន្ទាប់៕


