តម្រូវការប្រាក់រៀល បានកើនឡើងជាមធ្យម ១៦ភាគរយ ក្នុងមួយឆ្នាំៗ…
ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងឲ្យដឹងថា កំណើនតម្រូវការប្រាក់រៀល ត្រូវបានគាំទ្រជាចម្បងដោយកំណើនជំនឿទុកចិត្តរបស់សាធារណជន ដែលទទួលបានជាចម្បងពីសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាក់ស្តែងរយៈពេល ២០ឆ្នាំចុងក្រោយនេះ តម្រូវការប្រាក់រៀល បានកើនឡើងជាមធ្យមប្រមាណ ១៦% ក្នុងមួយឆ្នាំៗ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ថ្លែងលើកឡើងក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតប្រាក់រៀលឡើងវិញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នេះថា ប្រាក់រៀលមានសារៈសំខាន់នៅក្នុងសេដ្ឋកិច្ច ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក ក្នុងនោះរាជរដ្ឋាភិបាលបានកំណត់គោលនយោបាយលើកកម្ពស់ប្រាក់រៀលជាអាទិភាពសំខាន់មួយ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីជំរុញការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។

វិធានការដែលបានអនុវត្ត បានជួយរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាលំដាប់ ជាក់ស្ដែងរយៈពេល ២០ឆ្នាំចុងក្រោយនេះ តម្រូវការប្រាក់រៀល បានកើនឡើងជាមធ្យមប្រមាណ ១៦% ក្នុងមួយឆ្នាំៗ។ កំណើនតម្រូវការប្រាក់រៀល ត្រូវបានគាំទ្រជាចម្បងដោយកំណើនជំនឿទុកចិត្តរបស់សាធារណជន ដែលទទួលបានជាចម្បងពីសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ជាក់ស្តែងសេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យមប្រមាណ ៧,៨% ជាមួយអត្រាអតិផរណាត្រូវបានរក្សាឱ្យស្ថិតក្នុងកម្រិតទាបប្រមាណ ២,៥% ហើយប្រាក់រៀលមានស្ថិរភាពល្អប្រសើរក្នុងរង្វង់ ៤.០៥០ រៀលក្នុងមួយដុល្លារអាមេរិក ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ។

ជុំវិញស្ថានភាពប្រាក់រៀល, លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ការដែលធ្វើឲ្យប្រាក់រៀលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំនេះ គឺដោយសារកំណើនធំៗរួមមាន៖ ធនាគារជាតិនៃកម្ពុជាមានច្បាប់គ្រប់គ្រងត្រឹមត្រូវ, និងការគ្រប់គ្រងតាមគោលនយោបាយរូបិយវត្ថុរបស់ជាតិ ជម្រុញឲ្យសេដ្ឋកិច្ចរីកច្រើនលូតលាស់ ប្រកបដោយចីរភាព និងគ្រប់គ្រង់អតិផរណាបាន ដោយបានធ្វើឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈជឿជាក់លើប្រាក់រៀល។
ទាក់ទងនិងស្ថិរភាពប្រាក់រៀលនេះ, ឯកឧត្តម ជា ចាន់តូ បានបញ្ជាក់ថា សមិទ្ធផលដ៏ល្អប្រសើរ ដែលសម្រេចបានរហូតដល់បច្ចុប្បន្ននេះ មិនថាតែប្រាក់រៀលនោះឡើយ គឺបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ សន្តិភាពបានបង្កលក្ខណៈឱ្យយើងទាំងអស់គ្នារួបរួមសាមគ្គី ខិតខំប្រឹងប្រែងផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍប្រកបដោយភាពប្រាកដប្រជា។
សន្តិភាព ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា សម្រេចបាន និងបន្តរក្សាយ៉ាងរឹងមាំ គឺជាមូលដ្ឋាននៃគ្រប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា និងការប្រើប្រាស់ប្រាក់រៀលប្រកបដោយនិរន្តរភាព៕
