ប្រមុខដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គ្រោងធ្វើដំណើរទៅកាន់ប្រទេសចិន នាខែក្រោយ

(ណៃពិដោ)៖ កាលពីថ្ងៃពុធ ទី១៦ ខែតុលា ទីភ្នាក់ងារព័ត៌មាន AFP ដោយផ្អែកលើប្រភពស្និទ្ធនឹងយោធានៅប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា​ ប្រមុខរបបសឹក លោក Min Aung Hlaing នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តជិតដិត នាខែវិច្ឆិកាខាងមុខនេះ។

បើតាម AFP ប្រភពមួយបាននិយាយថា លោក Min Aung Hlaing កំពុងគ្រោងធ្វើដំណើរទៅចិន នៅខែវិច្ឆិកា ហើយ​ផែនការធ្វើដំណើរនេះ ត្រូវបានគ្រោងឡើង ចាប់តាំងតែពីពេល រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានមកបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ លោក Wang Yi បានធ្វើទស្សនកិច្ចមកមីយ៉ាន់ម៉ា កាលពីពាក់កណ្តាលខែសីហា។ ប្រភពមួយទៀត ក៏បានអះអាងដែរថា លោក Min Aung Hlaing នឹងទៅបំពេញទស្សនកិច្ចនៅចិន នាខែក្រោយ។

គួរបញ្ជាក់ថា ចិនជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ របស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១។ ចាប់តាំងពីពេលនោះ លោក Min Aung Hlaing ធ្លាប់បានបំពេញទស្សនកិច្ច ទៅកាន់ប្រទេសរុស្ស៉ី ដែលជាសម្ព័ន្ធមិត្តសំខាន់មួយទៀត ប៉ុន្មានលើក ក្នុងនោះរួមមានទាំងជំនួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។ ប្រសិនបើ លោក Min Aung Hlaing ធ្វើដំណើរ​ទៅចិននាខែក្រោយមែននោះ វានឹងជាលើកដំបូង គិតចាប់តាំងពីរដ្ឋប្រហារយោធា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram