EU ដាក់ទណ្ឌកម្មលើបុគ្គលនិងអង្គភាព ដែលជាប់ពាក់ព័ន្ធនឹងការបង្កអស្ថិរភាពប្រទេសម៉ុលដាវី…

(ព្រុចស៊ែល)៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទនេះបានសម្រេចដាក់ទណ្ឌកម្មលើបុគ្គល ៥ នាក់ និងអង្គភាពមួយ ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាព ដែលខ្លួនចាត់ទុកថា ជាការធ្វើឱ្យប្រទេសម៉ុលដាវីគ្មានស្ថិរភាព ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្លុកនេះ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។

ទណ្ឌកម្មនេះ រួមមានការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរ។ ក្នុងចំណោមបុគ្គលដែលត្រូវបានដាក់ទណ្ឌកម្ម រួមមានអភិបាលតំបន់ Gagauzia លោក Evgenia Gutul និងមន្ត្រីមួយចំនួនទៀត ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពបំបែកខ្លួន។ អង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានមូលដ្ឋាននៅរុស្ស៊ី ឈ្មោះថា Evrazia ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ។

រដ្ឋាភិបាលម៉ុលដាវី បានស្វាគមន៍ការដាក់ទណ្ឌកម្មនេះ ដោយចាត់ទុកថា វាជាជំហានដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលអាក្រក់របស់រុស្ស៊ីនៅក្នុងប្រទេស។ រដ្ឋមន្ត្រីការបរទេស លោក Mihai Popsoi បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដូចនេះថា «នេះគឺជាជំហានដ៏សំខាន់មួយក្នុងការកសាងភាពធន់ និងការប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលអាក្រក់នៅក្នុងប្រទេសម៉ុលដាវី»

ទន្ទឹមគ្នានេះ ម៉ុលដាវីបានចោទប្រកាន់រុស្ស៊ី ពីបទជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែតុលាខាងមុខផងដែរ។ ប៉ុន្តែរុស្ស៊ីបានច្រានចោលការចោទប្រកាន់នេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram