ខេត្តកែប នឹងមានរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប» នៅពេលខាងមុខ …

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការដាក់ឲ្យប្រើអនុវត្ត បន្តគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប» សម្រាប់សាធារណជន និងទេសចរ។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន ទទួលបាន។
រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប» មានបណ្តោយប្រវែង ២៧០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្នុងនោះមាន៖
- អភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ មានទទឹងប្រវែង៣០ម៉ែត្រ និងតំបន់សុវត្ថិភាពហែលទឹកសមុទ្រកម្សាន្ត
- សាងសង់ជញ្ជាំងទប់ដីការពារឆ្នេរសមុទ្រ ធ្វើពីបេតុងអារម៉េស្របតាមបណ្តោយឆ្នេរសមុទ្រ
- ផ្លូវថ្មើរជើងចំនួន២គន្លង មានទទឹងប្រវែង ៣ម៉ែត្រ ដោយមានផ្លូវសម្រាប់ជនមានពិការភ្នែកនៅចំកណ្តាល ស្របតាមបណ្តោយឆ្នេរសមុទ្រ
- ផ្លូវជិះកង់ចំនួន២គន្លង មានទទឹងប្រវែង ៣ម៉ែត្រ ស្របតាមបណ្តោយឆ្នេរសមុទ្រ
- សួនច្បារមានទទឹងប្រវែងយ៉ាងតិច ៥០ម៉ែត្រ ដោយត្រូវរៀបចំចាក់ខ្សាច់បំពេញបន្ថែម ស្របតាមស្ថានភាពដីរដ្ឋជាក់ស្តែងតាមបណ្ដោយឆ្នេរសមុទ្រ
- វិថី និងអនុវិថីចូលឆ្នេរសមុទ្រចំនួន ៥ខ្សែ ដែលមានផ្លូវថ្មើរជើង ផ្លូវថ្មើរជើងសម្រាប់ជនមានពិការភ្នែក និងផ្លូវជិះកង់
- រង្វង់មូលគយគន់ទេសភាពចំនួន ២កន្លែង ក្នុងនោះរង្វង់មូលទី១ មានអង្កត់ផ្ចិតប្រវែង៩៩ម៉ែត្រ ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី១ ដែលគ្រោងតម្កល់នូវរូបចម្លាក់លោកយាយជំទាវម៉ៅ ក្នុងទម្រង់មេទ័ពជាញជ័យ និងរង្វង់មូលទី២ មានអង្កត់ផ្ចិតប្រវែង ៩៩ម៉ែត្រ ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី២ ដែលគ្រោងរក្សាទុកជា លម្អសាធារណៈសម្រាប់ប្រារព្ធពិធីបុណ្យ និងពិព័រណ៍នានា
- ទំនប់រលកអំពីបេតុងអារម៉េ និងថ្មសម្រាប់ការពារឆ្នេរខ្សាច់ និងសម្រាប់កម្សាន្តសាធារណៈ មានបណ្តោយប្រវែង១៣៨ម៉ែត្រ និងមានអង្កត់ផ្ចិតប្រវែង១៨ម៉ែត្រ ស្ថិតនៅចុងរង្វង់មូលទី១
- បណ្តាញលូប្រអប់ទឹកភ្លៀងមានមុខកាត់ប្រវែង ១ម៉ែត្រ ស្របតាមផ្លូវជិះកង់តាមបណ្តោយឆ្នេរសមុទ្រ និងវិថី និងអនុវិថីចូលឆ្នេរសមុទ្រទាំង៥ ព្រមទាំងលូអ៊ុយមានមុខកាត់ប្រវែង ១,២ម៉ែត្រ ស្របតាមបណ្តោយ កំណាត់ផ្លូវជាតិលេខ៣៣A
- ចំណតរថយន្តសាធារណៈ និងបន្ទប់ទឹកសាធារណៈ ដែលភ្ជាប់ជាមួយនឹងកាហ្វេដ្ឋាន នៅទីតាំងក្បែររង្វង់មូលគយគន់ទេសភាពទាំងពីរទីតាំង សម្រាប់សាធារណជនមកលម្ហែកម្សាន្តឆ្នេរ ជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ៕





