មន្ទីរបញ្ចកោណ៖ កងទ័ពអាមេរិក ៨នាក់រងរបួសក្នុងការវាយប្រហារដោយដ្រូន នៅស៉ីរី កាលពីសប្តាហ៍មុន ….

(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណ បានប្រកាសថា មានតែកងទ័ពអាមេរិកចំនួន ៨នាក់ប៉ុណ្ណោះរងរបួស នៅក្នុងការវាយប្រហារលើមូលដ្ឋាន ក្នុងប្រទេសស៉ីរី កាលពីសប្តាហ៍មុន ផ្ទុយពីសេចក្តីរាយការណ៍ដំបូង ដែលថាមានអ្នករងគ្រោះច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ ២០២៤។
ដំបូងឡើយ Reuters បានរាយការណ៍ថា កងទ័ពអាមេរិក និងកងទ័ពនៃក្រុមចម្រុះជាច្រើននាក់បានរងរបួស ក្នុងការវាយប្រហារដោយយន្តហោះដ្រូន លើតំបន់ Rumalyn Landing Zone ជាកន្លែងសម្រាប់ទទួលកងទ័ពអាមេរិក និងកងកម្លាំងនៃប្រទេសផ្សេងទៀតនៅក្នុងក្រុមចម្រុះ ដឹកនាំដោយសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។ អ្នកនាំពាក្យ នៃមន្ទីរបញ្ចកោណ លោក Patrick Ryder បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ក្នុងចំណោមកងទ័ពដែលរងរបួស មាន ៣នាក់បានត្រលប់ចូលបម្រើការវិញហើយ។ តាមលោក Ryder សហរដ្ឋអាមេរិកជឿថា ការវាយប្រហារនោះ ធ្វើឡើងដោយកងកម្លាំងគាំទ្រដោយអ៉ីរ៉ង់ ប៉ុន្តែមន្ទីរបញ្ចកោណកំពុងធ្វើការដើម្បីកំណត់សមាសភាព ថាតើជាក្រុមមួយណា។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មានកងទ័ពចំនួន ៩០០នាក់នៅក្នុងប្រទេសស៉ីរី និង ២,៥០០នាក់នៅប្រទេសអ៉ីរ៉ាក់ ហើយកំពុងផ្តល់យោបល់ និងជួយដល់កងកម្លាំងក្នុងតំបន់ ដែលព្យាយាមទប់ស្កាត់ការប្រមូលផ្តុំឡើងវិញនៃក្រុមសកម្មប្រយុទ្ធ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram