សាកលវិទ្យាល័យ AUPP រៀបចំសន្និសីទអន្តរជាតិ IBTSS ២០២៤ ដើម្បីជំរុញនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់ចីរភាព បរិយាបន្ន និងវឌ្ឍនភាពក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត …

(ភ្នំពេញ)៖ សន្និសីទអន្តរជាតិស្តីពី “ការធ្វើសមាហរណកម្មក្នុងអាជីវកម្ម បច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រសង្គម សម្រាប់ការអភិវឌ្ឍដែលប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត” ប្រចាំឆ្នាំ ២០២៤ (IBTSS 2024) បានប្រារព្ធឡើងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នៅថ្ងៃទី ៨-៩ សីហា ២០២៤។
សន្និសិទលំដាប់ថ្នាក់អន្តរជាតិនេះ បានផ្តល់ឱកាសឱ្យអ្នកចូលរួមបង្ហាញ និងបញ្ចេញនូវវិជ្ជាជីវៈ និងស្នាដៃរបស់ខ្លួន ពង្រីកបណ្តាញទំនាក់ទំនងរបស់ពួកគេ ទទួលបានទស្សនវិស័យជាសកល ជំរុញការយល់ដឹងអំពីវប្បធម៌ក្នុង និងក្រៅតំបន់ ពិសេសជំរុញការចាប់អារម្មណ៍ចំពោះសម្បត្តិវប្បធម៌នៃប្រទេសកម្ពុជា។
នៅក្នុងសុន្ទរកថាស្វាគមន៍របស់ប្រធាននៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ លោក Malcolm McIver បានលើកឡើងពីវឌ្ឍនភាពសេដ្ឋកិច្ច និងការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថល ដោយសង្កត់ធ្ងន់ថា តំបន់អាស៊ាន ស្ថិតនៅលំដាប់ទី ៥ លើពិភពលោក ដែលមានសេដ្ឋកិច្ចធំជាងគេ ជាមួយនឹងចំនួនប្រជាជនសរុបជិត ៧០០លាននាក់ និងផលិតផលក្នុងស្រុកសរុប (GDP) ដែលបានព្យាករណ៍ថា អាចនឹងកើនឡើងដល់ ៥,២កោដិលានដុល្លារ ក្នុងឆ្នាំ២០២៥ ។ បើនិយាយពីសន្តិភាព និងស្ថិរភាព តំបន់អាស៊ានបច្ចុប្បន្នជាតំបន់មួយដែលមានស្ថិរភាព និងសន្តិភាពបំផុតក្នុងពិភពលោក។ សន្តិភាព និងស្ថិរភាពបានរួមចំណែកដល់ការពន្លឿនកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍវប្បធម៌ក្នុងតំបន់។
លោក Malcolm McIver បានមានប្រសាសន៍ថា «បច្ចេកវិទ្យាឌីជីថល ជាមូលដ្ឋានគ្រឹះ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងវប្បធម៌»។ លោកបានលើកទឹកចិត្តឱ្យអ្នកចូលរួម ចាប់យកឱកាសពីសន្និសីទនេះ ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក ផ្លាស់ប្តូរទស្សនៈ និងបង្កើតទំនាក់ទំនងសម្រាប់អនាគត ខណៈរបច្ចេកវិទ្យាបានដើរតួជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងបន្តការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព។
ក្នុងឱកាសនោះ លោក Malcolm McIver បានបង្ហាញក្តីសង្ឃឹមថា សន្និសីទអន្តរជាតិដែលរៀបចំនៅ AUPP នឹងរួមចំណែកដល់ការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃប្រទេសដែលជាសមាជិកអាស៊ាន។
លោកជំទាវបណ្ឌិត បូ ច័ន្ទគូលិកា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលមានវត្តមានជាវាគ្មិនសំខាន់មួយរូបផងដែរ បានលើកឡើងពីស្ថានភាពបច្ចុប្បន្ននៃតំបន់អាស៊ាន ការយល់ដឹងអំពីវប្បធម៌ផ្សេងៗគ្នា និងនិន្នាការដែលកំពុងរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។ នៅក្នុងសុន្ទរកថា លោកជំទាវ បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការដែលមានភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងសមូហភាពរវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ដើម្បីជំរុញនវានុវត្តន៍ ដោះស្រាយបញ្ហា និងដាក់ចេញនូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
សន្និសីទអន្តរជាតិ IBTSS 2024 គឺជាកិច្ចសហការរួមគ្នារវាងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) សាកលវិទ្យាល័យ Arizona (UA), សាកលវិទ្យាល័យ Fort Hays State (FHSU), សាកលវិទ្យាល័យ Malaysia Sarawak (UNIMAS) និង Primax Foundation (India) ។
សន្និសីទនេះមានគោលបំណងជួយសម្រួលដល់ការពិភាក្សា និងស្រាវជ្រាវរបស់សាស្ត្រាចារ្យ អ្នកជំនាញ និងបញ្ញាវន្តអំពីទំនាក់ទំនងរវាងអាជីវកម្ម បច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រសង្គមសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត។
គោលបំណងរួមនៃសន្និសីទគឺ៖ ១) វិភាគផលប៉ះពាល់ជាវិជ្ជមាននៃសមាហរណកម្មក្នុងអាជីវកម្ម បច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រសង្គមសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀ, ២) កំណត់បទពិសោធន៍នៃការអនុវត្តល្អបំផុត និងករណីសិក្សាដែលបង្ហាញពីយុទ្ធសាស្ត្រធ្វើសមាហរណកម្មជោគជ័យលើអាជីវកម្ម បច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រសង្គ, ៣) ស្វែងយល់ពីតួនាទីនៃក្របខណ្ឌគោលនយោបាយ បទប្បញ្ញត្តិ និងយន្តការអភិបាលកិច្ច ក្នុងការជំរុញសមាហរណកម្មនៃវិស័យទាំងនេះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព, ៤) ពិភាក្សាអំពីនិន្នាការ ឧបសគ្គ និងឱកាសដែលកំពុងលេចឡើងក្នុងការធ្វើសមាហរណកម្មក្នុងអាជីវកម្ម បច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រសង្គមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និង ៥) សម្របសម្រួលការពិភាក្សា និងកិច្ចសហប្រតិបត្តិការលើដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត គម្រោងស្រាវជ្រាវ និងគំនិតផ្តួចផ្តើមដែលលើកកម្ពស់និរន្តរភាព និងដំណោះស្រាយតម្រូវការសង្គមនៅក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram