ទេសរដ្ឋមន្ដ្រី ថោង ខុន បន្ដជួបប្រធាន IOC និងថ្នាក់ដឹកនាំអូឡាំពិកជាច្រើន ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ …

(ប៉ារីស)៖ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នេះ បានបន្ដជួបជាមួយថ្នាក់ដឹកនាំចលនាអូឡាំពិក និងសហព័ន្ធកីឡាអន្តរជាតិជាច្រើន ជាពិសេសលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) នៅស្ថានទូតប្រទេសស្វីសប្រចាំនៅប្រទេសបារាំង ។
ជំនួបរវាងប្រមុខថ្នាក់ដឹកនាំនៃបណ្ដាអូឡាំពិក(NOCs) លើពិភពលោកនេះ រៀបចំដោយ IOC សហការជាមួយទីក្រុង Lausanne នៃប្រទេសស្វីស ដែលជាទីក្រុងមូលដ្ឋាននៃទីស្នាក់ការកណ្ដាល IOC ។ កម្មវិធីដ៏ធំរបស់ IOC នេះ រៀបចំឡើង កំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ ដែលកំពុងប្រព្រឹត្តទៅ នាទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ។
កម្មវិធីនេះ គឺជាឱកាសប្រមូលផ្ដុំនូវគ្រួសារចលនាអូឡាំពិក ដើម្បីពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាង NOCs ជាមួយ IOC ក៏ដូចជារវាង NOCs ជាមួយប្រទេសស្វីស និងទីក្រុង Lausanne ។ លើសពីនេះ ក៏ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយនូវគុណតម្លៃនៃចលនាអូឡាំពិក តាមរយៈការជួបជុំ និងចែករំលែកនូវបទពិសោធន៍ ក៏ដូចជាចំណុចល្អៗពាក់ព័ន្ធនឹងការរួបរួមគ្នាអភិវឌ្ឍន៍ចលនាអូឡាំពិក ហើយក៏ដើម្បីអបអរសាទរខួបលើកទី៣០ នៃការបង្កើតនូវ Lausanne Olympic Capital នៅទីក្រុងប៉ារីសផងដែរ ។
ក្នុងឱកាសជួបជុំរវាងប្រមុខចលនាអូឡាំពិកកម្ពុជា លោកទេសរដ្ឋមន្ដ្រី ថោង ខុន និងថ្នាក់ដឹកនាំចលនាអូឡាំពិកអន្ដរជាតិខាងលើ ចលនាអូឡាំពិកអន្ដរជាតិ បានចាប់ផ្ដើមស្គាល់ប្រទេសកម្ពុជាកាន់តែច្រើន តាមរយៈការរំឮក និងលើកសរសើរកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ប្រកបដោយភាពជោគជ័យ កាលពីឆ្នាំ២០២៣ កន្លងទៅ ៕




