រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់កងទ័ព នៅកងពលតូចអន្តរាគមន៍លេខ៧….

(ព្រះវិហារ)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដែលជិតឈានមកដល់នាពេលខាងមុខនេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងយកអំណោយមួយចំនួន ទៅប្រគល់ជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតនៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលបានគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាននាយទាហានរង និងពលទាហានទាំងអស់នៃកងកម្លាំងប្រដាប់អាវុធរបស់យើងនៅគ្រប់ទីកន្លែង ក្រោមពាក្យស្លោក “ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ” ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើខ្ពស់ចំពោះស្មារតីតស៊ូអង់អាចក្លាហាន ប្រកបដោយវីរៈភាពរបស់នាយទាហាន នាយទាហានរង និងពលទាហានរបស់យើងនៅកងពលតូចអន្តរាគមន៍លេខ ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារមាតុភូមិការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើង ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ព្រមជាមួយនោះ ឯកឧត្តមក៏បានជម្រាបជូនអំពីវឌ្ឍនភាពដែលរាជរដ្ឋាភិបាល បានខិតខំសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលយើងទាំងអស់គ្នាបានឃើញ និងទទួលបានផលពីសមិទ្ធផលនេះ ដែលកើតចេញពីការចួលរួមរបស់ថ្នាក់ដឹកនាំជាតិ បុគ្គលិក មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ របស់ រាជរដ្ឋាភិបាល ទោះបីជាយេីងកំពុងជួបប្រទះនឹងវិបត្តិសកលនៃការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។

ឯកឧត្តមបណ្ឌិត ក៏បានជូនពរដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមមានសុខភាពល្អ ត្រូវប្រកាន់ភ្ជាប់នូវអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសូមស្តាប់វិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាលអំពីការទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីឲ្យយើងទាំងអស់គ្នាជៀសផុតបានពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។

ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូ ក៏មាននាំយកនូវថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលថវិកាទាំងនេះទទួលបានពីការចូលរួមឧបត្ថម្ភរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួង ក៏ដូចជាក្រុមហ៊ុន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឯកជន ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងផ្តល់អាហារូបករណ៍សិក្សាមុខជំនាញបច្ចេកទេសផ្សេងៗនៅតាមវិទ្យាស្ថាន និងមជ្ឍមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ ផងដែរ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី សូមជូនពរដល់
នាយទាហាន នាយទាហានរង និង ពល ទា ហា ន ទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ សូមប្រកប ដោយពុទ្ធពរ និងរជ័យ ទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបី ឃ្លៀង ឃ្លាតឡើយ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram