អ្នកឧកញ៉ា គិត ម៉េង ចេញលិខិតអបអរសាទរចំពោះសម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ….

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសារលិខិតអបអរសាទរជូនចំពោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកអភិវឌ្ឍន៍ជនបទ» ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ។
អ្នកឧកញ៉ាប្រធានបានបន្តថា ការទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះជាមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត និងពិតជាស័ក្តិសមចំពោះសម្ដេចក្រឡាហោម ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជូនប្រទេសជាតិ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការពារបូរណភាពទឹកដីកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបរបរចិញ្ចឹមជីវិតដោយភាពកក់ក្ដៅ។
អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងថ្នាក់ដឹកនាំ សមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា បានគោរពជូនពរសម្ដេចក្រឡាហោមសូមប្រកបដោយសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ និងកាយពល រឹងមាំខ្លាំងក្លា ដើម្បីបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕




