អាមេរិកនឹងបន្ថែមនាវាចម្បាំង២គ្រឿងទៀត ឱ្យឈរជើងនៅភាគខាងត្បូងអេស៉្បាញ ក្រោមកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងយុទ្ធសាស្រ្តទ្វេភាគី …

(ម៉ាឌ្រីដ)៖ សហរដ្ឋអាមេរិកនឹងបង្កើនចំនួននាវាចម្បាំងប្រភេទ destroyer របស់ខ្លួន ដែលកំពុងឈរជើងនៅភាគខាងត្បូងអេស៉្បាញ ពីចំនួន៤គ្រឿងនាពេលបច្ចុប្បន្ន ឱ្យដល់៦គ្រឿង នៅក្រោមកិច្ចព្រមព្រៀងមួយ ដែលសំដៅពង្រឹងទំនាក់ទំនងយុទ្ធសាស្រ្តទ្វេភាគីរបស់ប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។
កិច្ចព្រមព្រៀងខាងលើសម្រេចបាន ក្រោយការប្តេជ្ញាកាលពីខែមិថុនា ឆ្នាំ២០២២ រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយនិងនាយករដ្ឋមន្រ្តីអេស៉្បាញ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) នៅឯកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅក្រៅ កិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) ក្នុងទីក្រុងម៉ាឌ្រីដ។ ក្រុមនាវាចម្បាំងអាមេរិក ដែលវត្តមាននៅមូលដ្ឋានទ័ពជើងទឹក រ៉ូតា (Rota) ក្នុងទីក្រុងកំពង់ផែ ខាឌីស (Cadiz) របស់អេស៉្បាញ ជានាវាចម្បាំងអាមេរិកមួយក្រុមគត់ ដែលមានមូលដ្ឋានឈរជើងអចិន្រ្តៃយ៍ នៅទ្វីបអឺរ៉ុប។ ពួកវាត្រូវបានដាក់ឱ្យឈរជើងប្រចាំនៅទីតាំងនោះ ដើម្បីអាចធ្វើប្រតិបត្តិការជាប្រចាំថ្ងៃ សម្រាប់បេសកកម្មផ្សេងៗ រួមមានទាំងការការពារមីស៉ីលបាលិស្ទីគ និងការការពារដែនអាកាស។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីអេស៉្បាញ លោក សាន់ឆេស ក៏នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោន ដើម្បីជួបលោក បៃដិន សាជាថ្មី នៅថ្ងៃសុក្រសប្តាហ៍នេះផងដែរ។ សម្រាប់របៀបវារៈនៃជំនួបនោះ គឺរួមមានដូចជា ការគាំទ្រយ៉ាងរឹងមាំរបស់ប្រទេសទាំងពីរសម្រាប់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៉ី ចំណាប់អារម្មណ៍ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការ កាន់តែស៉ីជម្រៅនៅតំបន់អាមេរិកឡាទីននិងតំបន់សមុទ្រការីបង់ ព្រមទាំងការដែលអេស៉្បាញត្រូវឡើងជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ចាប់ពីខែកក្កដា ដល់ខែធ្នូ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram