ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំជប៉ុន ទទូចឱ្យមេដឹកនាំក្រុមប្រទេស G7 ថ្កោលទោសការគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ កំលុងកិច្ចប្រជុំនាសប្តាហ៍ក្រោយ …

(តូក្យូ)៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសជប៉ុន លោក សឺហ្គៃ គ័រស៊ូនស្គី (Sergiy Korsunsky) នៅថ្ងៃអង្គារនេះ បាននិយាយថា ក្រុមមេដឹកនាំនៃប្រទេស G7 ចាំបាច់ត្រូវតែថ្កោលទោសការគំរាមនានាស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ហើយរួមគ្នាប្តេជ្ញាចេញចំណាត់ការឱ្យរឹងមាំប្រឆាំងនឹងការគំរាមបែបនោះ នៅពេលដែលពួកគេ បើកកិច្ចប្រជុំកំពូល នាសប្តាហ៍ក្រោយ នៅទីក្រុងហ៉ីរ៉ូស៉ីម៉ា (Hiroshima)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។
លោកឯកអគ្គរដ្ឋទូតអ៊ុយក្រែន បាននិយាយដូច្នេះថា «វាគួរតែជាសេចក្តីថ្លែងការណ៍យ៉ាងច្បាស់បំផុតមួយ ជាពិសេសពីសំណាក់ក្រុមប្រទេសដែលជាមហាអំណាចនុយក្លេអ៊ែរ ក្នុងចំណោម G7 ដែលសង្កត់ធ្ងន់ថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬការធ្វើភេរវកម្មនុយក្លេអ៊ែរ នឹងមិនអាចត្រូវអត់ឱនជាដាច់ខាត ហើយនឹងត្រូវប្រឈមមុខជាមួយ ចំណាត់ការយ៉ាងម៉ឹងម៉ាត់ជាទីបំផុត ពីក្រុមប្រទេសមហាអំណាច»។ ភាពតានតឹងអាវុធនុយក្លេអ៊ែរ បានកើនឡើងខ្លាំង ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនបានផ្ទុះឡើង ខណៈប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានជាច្រើនលើកថា រុស្ស៉ីត្រៀមលក្ខណៈជាស្រេច ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើចាំបាច់ ដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសរុស្ស៉ី។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏នឹងចូលរួមកិច្ចប្រជុំកំពូល G7 ផងដែរ តាមប្រព័ន្ធវីដេអូអនឡាញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា នៅទីក្រុងហ៉ីរ៉ូស៉ីម៉ានៃប្រទេសជប៉ុន ដែលបានក្លាយជាទីក្រុងដំបូងគេនៅលើពិភពលោក ដែលបានទទួលការវាយប្រហារដោយគ្រាប់បែកបរមាណូ កាលពីឆ្នាំ១៩៤៥៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram