បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរក្រុមកីឡាករបាល់ទះកម្ពុជា ឡើងទៅវគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ …

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ ដល់ក្រុមកីឡាករបាល់ទះកម្ពុជា ដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ ដោយយកឈ្នះក្រុមជម្រើសជាតិបាល់ទះថៃ ៣សិតទល់នឹង២ នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះថា «អបអរសាទរក្រុមជម្រើសជាតិបាល់ទះបុរសកម្ពុជា ដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជាប្រវត្តិសាស្ត្រដោយយកឈ្នះក្រុមជម្រើសជាតិបាល់ទះថៃ ៣សិតទល់នឹង២។
សូមបញ្ជាក់ផងថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ វិញ្ញាសាបាល់ទះបុរសក្នុងសាលហើយ ក្រោយយកឈ្នះក្រុមជម្រើសជាតិថៃ ដោយលទ្ធផល ៣-២ (សិត) នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។
ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុមភ្ញៀវថៃ បាននាំមុខជ័យជម្នះ ២សិតមុន ដោយពិន្ទុ ២៥-១៨ និង ២៥-២១ មុនក្រុមម្ចាស់ផ្ទះកម្ពុជា វាយបកឈ្នះ ៣សិតជាប់គ្នាវិញ ដោយពិន្ទុ ២៥-២១ (សិតទី៣) ២៥-១៦ (សិតទី៤) និងសិតកាត់សេចក្ដី គឺកម្ពុជា បានយកឈ្នះថៃ ១៥-១០ពិន្ទុ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ដ្រតែម្ដង ។
សម្រាប់វគ្គផ្ដាច់ព្រ័ត្រ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បន្ទាប់ពីឥណ្ឌូនេស៊ី បានយកឈ្នះក្រុមវៀតណាម ដោយលទ្ធផល ៣-០ (សិត) កាលពីល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។ ចំពោះវគ្គដណ្ដើមមេដាយមាសនេះ នឹងត្រូវប្រកួតនាល្ងាចថ្ងៃទី០៨ ខែឧសភាស្អែក នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកដដែល៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram