ស៊ីហ្គេម២០២៣៖ ខាន់ ចេសា សោកស្តាយមិនអាចដណ្តើមបានមេដាយមាស តែសន្យាធ្វើឱ្យបានល្អសម្រាប់ការប្រកួតថ្ងៃអាទិត្យនេះ …

(ភ្នំពេញ)៖ កីឡាការិនីក្បាច់គុនជឺជេតស៊ូ ខាន់ ចេសា បានសម្តែងការសោកស្តាយ មិនអាចដណ្តើមមេដាយមាសជូនជាតិកម្ពុជា តាមបំណងប្រាថ្នារបស់ខ្លួន។
នៅក្នុងការប្រកួតវិញ្ញាសាក្បាច់គុនជឺជិតស៊ូផ្នែកនារី Ne-Waza Gi ទម្ងន់ ៥២គីឡូក្រាម នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ កីឡាការិនី ខាន់ ចេសា បានយកឈ្នះនារីសិង្ហបុរិ, វៀតណាម និងថៃ ដោយគូប្រកួតសុទ្ធតែសុំចុះចាញ់ទាំងអស់។ លុះដល់វគ្គផ្តាច់ព្រ័ត្រ ខាន់ ចេសា ត្រូវបានកីឡាការិនីហ្វីលីពីន យកឈ្នះក្នុងលទ្ធផល ២ ទល់ ០។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កញ្ញា ខាន់ ចេសា បានគូសបញ្ជាក់បែបនេះ «ពិតណាស់ អ្នកដឹងហើយ! នៅពេលណាដែលខ្ញុំមកទីនេះ គោលដៅរបស់ខ្ញុំគឺចង់ព្យាយាម និងឈ្នះមេដាយមាស។ ជាពិសេស ខ្ញុំយកមេដាយមាសឱ្យបានសម្រាប់កម្ពុជា។ ទោះបីជាខ្ញុំទទួលបានមេដាយប្រាក់ក៏ដោយ ខ្ញុំអាចទទួលយកវាបានដែរ ហើយខ្ញុំនៅមានការគាំទ្រពីអ្នកគ្រប់គ្នា និងនៅលើកក្រោយខ្ញុំយកមេដាយមាស។ ជាការពិតណាស់ ការគាំទ្ររបស់អ្នកទាំងអស់គ្នាសម្រាប់ខ្ញុំ គឺមានសារៈសំខាន់ជាងមេដាយទៅទៀត។ ដូច្នេះខ្ញុំចង់និយាយពាក្យអរគុណទៅកាន់ប្រជាជនកម្ពុជាទាំងអស់ សម្រាប់ការគាំទ្ររូបខ្ញុំ ហើយទស្សនាការប្រកួតរបស់ខ្ញុំ មិនថាខ្ញុំឈ្នះ ឬក៏ចាញ់នោះទេ»។
នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា កញ្ញា ខាន់ ចេសា នៅមានការប្រកួតមួយប្រកួតទៀតលើវិញ្ញាសាក្បាច់គុនជឺជិតស៊ូនេះ។ ចេសា បានសន្យាព្យាយាមធ្វើឱ្យបានល្អនៅក្នុងការប្រកួតនោះ។
«ដូចដែលខ្ញុំបាននិយាយ ខ្ញុំតែងតែព្យាយាម និងចង់ឈ្នះមេដាយមាស។ នៅក្នុងកីឡាជឺជិតស៊ូ មិនអាចឈ្នះគ្រប់ការប្រកួតនោះទេ។ ពេលខ្លះក្នុងកីឡាជឺជិតស៊ូ អ្វីៗមិនអាចដំណើរការទៅដូចអ្វីដែលអ្នកចង់បាន»។
ចេសា បន្ថែមថា «វាពិបាកក្នុងការទស្សន៍ទាយថា តើការប្រកួតនីមួយៗនឹងទៅជាយ៉ាងណា? ជាក់ស្តែង ខ្ញុំនាមខំប្រឹងអស់ពីសមត្ថភាព ប៉ុន្តែនៅវគ្គផ្តាច់ព្រ័ត្រទល់នឹងហ្វីលីពីន វាពិតជាលំបាកណាស់ ព្រោះនាងក្លេខ្ញុំជាប់ពេក ទើបខ្ញុំមិនអាចរើបាន។ ប៉ុន្តែឥឡូវនេះ វាដូចជាសម្រាប់ខ្ញុំក្នុងការផ្តោតអារម្មណ៍ សម្រាប់ការប្រកួត No Gi នៅថ្ងៃអាទិត្យ ខ្ញុំនឹងព្យាយាមយកឈ្នះមេដាយមាសឱ្យបាន»។
ពាក់ព័ន្ធនឹងការប្រកួតចាញ់កីឡាការិនីរបស់ហ្វីលីពិន កញ្ញា ចេសា បានគូសបញ្ជាក់ថា «ខ្ញុំធ្លាប់ផ្ដួលនាងពីមុនមក ដូច្នេះនាងមិនមែនមិនអាចផ្ដួលបាននោះទេ។ ដូចខ្ញុំបាននិយាយ ខ្ញុំប្រាកដថា នាងទើបតែមានយុទ្ធសាស្ត្រផ្សេងជាមួយខ្ញុំក្នុង ពេលនេះ។ ដូចខ្ញុំបាននិយាយ ការប្រកួតនេះ គឺលំបាកបន្តិច។ ខ្ញុំមានការច្របូកច្របល់ ហើយពិតជាមិនអាចបង្ហាញជឺជិតស៊ូ របស់ខ្ញុំបានទេ។ ឥលូវខ្ញុំដឹងថា សម្រាប់ពេលក្រោយនឹងមានផែនការផ្សេងសម្រាប់ការប្រកួត។ ប៉ុន្តែដូចដែលខ្ញុំបាននិយាយ អ្វីៗមិនមែនដំណើរការទៅតាមអ្វីដែលអ្នកចង់បានទេ»៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram