ពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធភិសេកវត្តព្រះបារមីវង្គតបុរី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រយៈពេល៣យប់៤ថ្ងៃ ចាប់ផ្តើមហើយជាមួយការសម្តែងសិល្បៈកំសាន្តរាល់យប់ ….

(ភ្នំពេញ)៖ ពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាជាកេរមរតករបស់ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការ អាចារ្យ ក្រុមគ្រួសារត្រកូលហ៊ុន និងរដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមហើយ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ដោយមានរយៈពេល៣យប់៤ថ្ងៃ ជាមួយនិងការសម្តែងសិល្បៈ តន្ត្រីសម័យ ល្ខោនបាសាក់កំសាន្តរាល់យប់ផងដែរ។
នៅរសៀលថ្ងៃទី២១ ខែមេសា, លោក ហ៊ុន ម៉ានី កូនប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីរៀបចំឫសសីមា និងពិធីក្រុងពាលី និងបង្ហូតទង់នៅក្នុងទីអារាមវត្តនេះ។
ពិធីនៅរសៀលនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមបុណ្យពីព្រះសង្ឃ គណៈកម្មការ អាចារ្យ ក្រុមគ្រួសារត្រកូលហ៊ុនជាច្រើនរូប និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញផងដែរ។
នារសៀលថ្ងៃសុក្រ ទី២១ ខែមេសានេះ មានពិធីរៀបចំឫសសីមា ពិធីក្រុងពាលី និងបង្ហូតទង់, ដង្ហែដុំនិម្មិតសីមា និងគ្រឿងបរិក្ខារប្រទក្សិណ៣ជុំព្រះវិហារ, នមស្ការព្រះរតនត្រ័យ សមាទានសីល, វេរព្រះវិហា និងវរដុំនិម្មិតសីមា ប្រគេនចំពោះព្រះសង្ឃ, និមន្តព្រះសង្ឃចម្រើនព្រះបរិត្តបន្ទាប់មកនៅពេលល្ងាច សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ ប្រទានព្រះធម្មវិសេសទេសនា ហើយនៅពេលរាត្រី ក៏មានក្រុមសិល្បះ សំដែងជូនទស្សនាកំសាន្តថែមទៀតផងដែរ។
សូមបញ្ជាក់ថា វត្តព្រះបារមីវង្គតបុរី ជាទីអារាមមួយបានតំកល់ធាតុមាតា បិតារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទីវត្តនេះ ត្រូវធ្វើពិធីបុណ្យកាត់ឬសសីមាព្រះវិហារដ៏ធំមួយដោយចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្នុងនោះនៅថ្ងៃទី២៤ ខែមេសា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ កាត់ប្ញសសីមា។
ព្រះវិហារវត្តព្រះបារមីវង្គតបុរី បានកសាងឡើងវិញនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ និងបានបញ្ចប់ការសាងសង់ នៅក្នុងឆ្នាំ២០២២ ដោយចំណាយថវិកាជាង១លានដុល្លារ។ នេះមិនបានគិតបញ្ចូលពីការចំណាយលើការកសាង សមិទ្ធផលនានា នៅក្នុងបរិវេណវត្តនេះនោះទេ ។
ពិធីបុណ្យ៣យប់៤ថ្ងៃនេះ ក៏មានការរៀបចំក្រុមសិល្បៈកំសាន្តជាច្រើនក្រុម ដើម្បីសម្តែងជូនទស្សនជនបានមើលកំសាន្តផងដែរ ដែលមានទាំងក្រុមល្ខោនបាសាក់ ចាប៉ីដងវែង អាយ៉ៃឆ្លើយឆ្លង និងការប្រគុំតន្ត្រីថែមទៀត។
ដើម្បីឲ្យដំណើរការ នៃការរៀបចំពិធីបុណ្យដ៏ធំនេះដំណើរការទៅដោយរលូន លោក ឃួង ស្រេង តែងបានដឹកនាំមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរដែនដី ចុះពិនិត្យមើលទីតាំង នៅក្នុងបរិវេណវត្ត និងបានប្រជុំពិភាក្សាលើការងារនេះជាច្រើន លើកច្រើនសារផងដែរ ជាមួយនិងការគិតគូរពីសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ បរិស្ថាន ព្រមទាំងទីតាំងធ្វើរោងសិល្បៈ ទីធ្លាចំណតយានយន្តជាដើម៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram