នាយករដ្ឋមន្រ្តីជប៉ុន ថាចង់បានទំនាក់ទំនងទ្វេភាគីជាមួយចិន ដែលមានលក្ខណៈស្ថាបនា និងមានស្ថិរភាព …

(តូក្យូ)៖ ក្នុងបទសម្ភាសន៍មួយនាថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) បាននិយាយថា ប្រទេសរបស់លោកចង់បាន ចំណងទាក់ទងមួយជាមួយចិន ដែលមានលក្ខណៈស្ថាបនានិងមានភាពនឹងនរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស រួមមានទាំង លោកនាយករដ្ឋមន្រ្តីជប៉ុន បាននិយាយយ៉ាងដូច្នេះថា «យើងកំពុងប្រឈមស្ថានភាពសន្តិសុខ ដែលលំបាកនិងស្មុគស្មាញជាទីបំផុត ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក ហើយអ្វីដែលត្រូវផ្តោតអាទិភាពជាចម្បង បើតាមខ្ញុំគិតនោះ គឺការធ្វើការប្រាស្រ័យទាក់ទងការទូត ឱ្យសកម្មជាមួយចិន។ ជប៉ុនចង់បានទំនាក់ទំនងមួយ ដែលមានលក្ខណៈស្ថាបនានិងមានស្ថិរភាពជាមួយចិន ប៉ុន្តែដើម្បីសម្រេចបាន គឺតម្រូវឱ្យមានការចូលរួមប្រឹងប្រែងខិតខំពីភាគីទាំងសងខាង»។
គួរបញ្ជាក់ថា ចំណងទាក់ទងរវាងប្រទេសទាំងពីរ ដែលមិនសូវល្អនឹងគ្នារួចស្រាប់នោះ គឺបានកាន់តែធ្លាក់ចុះថែមទៀត កាលពីខែធ្នូ ឆ្នាំមុន នៅពេលដែលជប៉ុនបានចាត់ទុកចិនជា «បញ្ហាប្រឈមផ្នែកយុទ្ធសាស្រ្តធំបំផុត» របស់ខ្លួន ហើយប្រកាសផែនការកំណែទម្រង់សន្តិសុខទ្រង់ទ្រាយធំ រួមមានទាំងការបង្កើនកញ្ចប់ថវិកាយោធា។ មិនតែប៉ុណ្ណោះ ភាពតានតឹងក្នុងតំបន់ទាំងមូល ក៏បានកើនឡើងផងដែរ ដែលជំរុញដោយព្រឹត្តិការណ៍ជាបន្តបន្ទាប់ រួមមានទាំងការធ្វើសមយុទ្ធយោធារបសចិនក្នុងខែនេះ នៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីមេដឹកនាំតៃវ៉ាន់ បានជួបប្រធានសភាតំណាងរាស្រ្តអាមេរិក នៅរដ្ឋកាលីហ្វរញ៉ា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram