មន្ទីរសាធារណការខេត្តព្រះវិហារ រៀបចំពិធីសូត្រមន្តចូលឆ្នាំថ្មី ជាមួយការចែកអំណោយជូនអតីតមន្ត្រីចូលនិវត្តន៍ ….

(ព្រះវិហារ)៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ បានរៀបចំពិធីសូត្រមន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ក្រោមវត្តមានលោក សំ លាងទ្រី ជាប្រធានមន្ទីរ និងមានការចូលរួមពីអនុប្រធានមន្ទីរ ប្រធាន អនុប្រធាន ការិយាល័យ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា ពិសេសមន្ត្រីចូលនិវត្តន៍ដែលមានវ័យចាស់ជរាជាច្រើនរូបទៀត។
លោក សំ លាងទ្រី បានថ្លែងថា ពិធីសូត្រមន្តចូលឆ្នាំថ្មីនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តព្រះសង្ឃចំនួន៤អង្គ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូន ដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ជាពិសេសត្រៀម ទទួលស្វាគមន៍ដំណើរចុះមកថែរក្សាមនុស្សលោករបស់ទេវធីតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ដែលព្រះអង្គនឹង យាងចុះមកនៅថ្ងៃសុក្រ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០ នាទី រសៀល។
នៅក្នុងពិធីនេះដែរ លោក សំ លាងទ្រី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះសង្ឃគ្រប់អង្គជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើត មានដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារគ្រប់ៗរូប ចាប់តាំងពីឆ្នាំថ្មីចូលមកដល់ និងជានិច្ចនិរន្តរ៍តរៀងទៅ។
ជាមួយនឹងពិធីដ៏សែនរីករាយនេះ លោកប្រធានមន្ទីរបានថ្លែងដោយក្តីរំភើបរីករាយ ដែលមន្ត្រីចូលនិវត្តន៍មានវ័យចាស់ជរាបានចូលរួម ដោយបង្ហាញនូវការសប្បាយរីករាយក្នុងពិធីជួបជុំ ក៏ដូចជាមើលនូវសមិទ្ធិផលជាច្រើនបានកើតឡើងនៅក្នុងបរិវេណមន្ទីរសាធារណការនាពេលបច្ខុប្បន្ននេះ។
លោកថ្លែងដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ នឹងជួយដោះស្រាយរាល់ខ្វះខាតជីវភាពរបស់មន្ត្រីចូលនិវត្តន៍ដែលមានវ័យចាស់ជរា ដោយលោកថាបើមន្ត្រីចូលនិវត្តន៍មានការខ្វះខាត សូមរាយការណ៍មកមន្ទីរ ដើម្បីមន្ទីរបានចាត់ចែងជូនទាន់ពេលវេលា។ លោកបានឧបត្ថម្ភថវិកាចំនួន១០មុឺនរៀល និងទឹកក្រូច១កេស ជូនមន្ត្រីចូលនិវត្តម្នាក់ៗ ព្រមទាំងបានរៀបចំពិសារអាហារសាមគ្គី និងរាំលេងកំសាន្តផងដែរ៕





