វៀតណាមនឹងចាប់ផ្តើមត្រួតពិនិត្យទៅលើកម្មវិធី TikTok ចាប់ពីខែនេះតទៅ …

(បរទេស)៖ រដ្ឋាភិបាលវៀតណាម គ្រោងបើកការស៊ើបអង្កេតលើប្រតិបត្តិការកម្មវិធីកម្សាន្តវីដេអូខ្លីៗ TikTok នៅក្នុងប្រទេសវៀតណាមចាប់ពីខែឧសភា ខាងមុខនេះដើម្បីធានាថាភ្លេតហ្វមចិនបានអនុលោមតាមបទបញ្ញត្តិស្តីពីការគ្រប់គ្រងមាតិកា ការបង់ពន្ធ និងគោលការណ៍នយោបាយពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។
តំណាងក្រសួងលោក Le Quang Tu Do បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងសប្តាហ៍នេះថា កម្មវិធីកម្សាន្តចិន TikTok ថ្មីៗនេះបានអនុញ្ញាតឱ្យមានខ្លឹមសារមិនល្អបែប «Toxic ប្រមាថ មិនពិត និងអបិយជំនឿ» ជាដើម នៅលើភ្លេតហ្វមរបស់ខ្លួន។ លោក Do បានបន្ថែមទៀតថា ទាំង«TikTok, Facebook និង YouTube សុទ្ធតែជាប្រព័ន្ធផ្សព្វផ្សាយសង្គមបរទេស (Cross-Border) ជាមួយនឹងស្តង់ដារអន្តរជាតិ។ ប៉ុន្តែនៅពេលដែលដំណើរការនៅក្នុងប្រទេសវៀតណាម ភ្លេតហ្វមទាំងនេះត្រូវតែគោរពតាមបទបញ្ញត្តិក្នុងស្រុកទាំងខ្លឹមសារ និងកាតព្វកិច្ច»។
ប្រភពពី TikTok វៀតណាមបាននិយាយនៅក្នុងអ៊ីម៉ែលថា «នេះគឺជាចំណាត់ការរបស់រដ្ឋាភិបាលដើម្បីធ្វើឱ្យស្របទៅតាមច្បាប់ក្នុងប្រទេសវៀតណាមទៅលើក្រុមហ៊ុនដែលប្រតិបត្តិការក្នុងប្រទេសនេះគ្រប់បណ្តាញសង្គមទាំងអស់ មិនត្រឹមតែ TikTok ប៉ុណ្ណោះទេ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters TikTok វៀតណាម បានគួសបញ្ជាក់ថា គោលការណ៍ណែនាំថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ២៤ ខែមេសា ខាងមុខនេះតទៅដើម្បីឱ្យកាន់តែមានតម្លាភាពអំពីច្បាប់របស់ខ្លួននិងរបៀបដែលវានឹងអនុវត្តពួកគេ៕

