តុលាការ ខេត្តកណ្តាល ចេញដីកា ឃុំខ្លួន មនុស្ស ២នាក់ ដែល បន្លំខ្លួន ជាព្រះសង្ឃ ដើរបិណ្ឌបាត្រ…
ខេត្តកណ្តាល៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក អាត ចន្ឌ័ដារា នៅល្ងាចថ្ងៃទី៣០ សីហា បានសម្រេចចេញដីកាឃុំខ្លួន ជនត្រូវចោទ២នាក់ ដែលធ្វើសកម្មភាពបន្លំខ្លួនជាសង្ឃដើរបិណ្ឌបាត្រ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«ស្លៀកដណ្តប់បែបព្រះពុទ្ធសាសនា ដោយគ្មានសិទ្ធិនិងឆបោក» តាមមាត្រា៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ជនត្រូវចោទទាំងពីររូបនេះ បានបន្លំធ្វើជាព្រះសង្ឃដើរបិណ្ឌបាត្រ នៅថ្ងៃទី២៩ សីហា វេលាម៉ោង១០ និង៣០នាទី នៅចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង។

បើតាមសមត្ថកិច្ច ជនត្រូវចោទ ទី១-ឈ្មោះ ហុន សៀវប៉ាវ អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត ភូមិព្រៃរំដួលខាងលិចឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី២-ឈ្មោះ វង្ស ដារ៉ា អាយុ ២០ឆ្នាំមានទីលំនៅភូមិស្រីជា ឃុំល្បើក ស្រុកឈូក ខេត្តកំពត។នគរបាលស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា ជនសង្ស័យ ៥នាក់ មានឈ្មោះ ឡុង ជាអ្នកបើករថយន្ត, ឈ្មោះ ខ្លា, ឈ្មោះ សៅ, ឈ្មោះ វង្ស ដារ៉ា និង ឈ្មោះ ហុន សៀកប៉ាវ បានជិះរថយន្ត១គ្រឿង កាម៉ារីហើម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2L 5453 ចេញពីផ្ទះសំណាក់មួយកន្លែងមិនស្គាល់យីហោ ក្នុងរាជធានីភ្នំពេញ សំដៅមកដល់រង្វង់មូលគួរស្រូវ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានឈប់រថយន្តនៅជិតនោះ។

បន្ទាប់មក ឈ្មោះឡុង ក៏បានចែកស្បង់ចីពរ ហង្សសាក់ ថង់យាម អ៊ុតឃុត ឆាយាគណៈមហានិកាយ ម្នាក់មួយ សំបុត្របុណ្យជាច្រើនសន្លឹក រួចជនសង្ស័យឈ្មោះ ហុន សៀកប៉ាវ និងឈ្មោះ វង្ស ដារ៉ា បានចុះដើរចែកសំបុត្របុណ្យ និងអង្គាសប្រាក់នៅតាមដងផ្លូវជាតិលេខ២ មកទិសខាងត្បូង។

ពេលដើរមកដល់ចំណុច កើតហេតុខាងលើ បានជួបជាមួយព្រះចៅអធិការវត្តវិហារកំបោរ ដោយមានការសង្ស័យព្រះចៅអធិការ បានសួរនាំ ហើយបាននាំជនសង្ស័យទាំង២នាក់ខាងលើ ទៅប្រគល់ជូនព្រះចៅអធិការវត្តវិហារបិតមាស ដែលជាព្រះអនុគុណស្រុកកណ្ដាលស្ទឹងសួរនាំបន្ត។

ដោយពិនិត្យឃើញថា ជនសង្ស័យទាំង២ ជាព្រះសង្ឃក្លែងក្លាយ ទើបឱ្យដោះស្បង់ជីពរចេញ ប្រគល់ជូនសមត្ថកិច្ចស្រុកកណ្តាលស្ទឹង និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្ត ចាត់ការតាមនីតិវិធី៕

