ការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ីអាគ្នេយ៍ បញ្ចប់ដោយជោគជ័យ ខណៈកម្ពុជាដណ្ដើមបានមេដាយច្រើនជាងគេ…

(ភ្នំពេញ)៖ ការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ីអាគ្នេយ៍ (SEA OUK CHAKTRANG Championship) លើកទី១ ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតជិត ១សប្ដាហ៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOS បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំនេះ គឺជាសញ្ញាណដ៏ល្អឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នាខែឧសភាខាងមុខ

លោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍លើកដំបូងនៅកម្ពុជានេះ បានចាប់ផ្ដើមពីថ្ងៃទី០៧ រហូតដល់ល្ងាចថ្ងៃទី១២ ខែមករានេះ ដោយមានប្រតិភូ និងអត្តពលិកប្រមាណ ៦២នាក់មកពី ៥ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ។ ក្រៅពីការប្រកួតប្រជែង សហព័ន្ធក៏បានរៀបចំនូវសិក្ខាសាលា ដើម្បីផ្សព្វផ្សាយពីបទបញ្ជាបច្ចេកទេស លក្ខន្ដិកៈ ដល់អាជ្ញាកណ្ដាល-ចៅក្រម ក៏ដូចជាកីឡាករ-កីឡាការិនីចូលរួមប្រកួតផងដែរ។

លោក វ៉ាត់ ចំរើន បានកោតសរសើរ សម្រាប់ការរៀបចំព្រឹត្តិការណ៍អន្ដរជាតិ នៃកីឡាប្រពៃណីនេះ ស្របតាមគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលជំរុញឲ្យសហព័ន្ធកីឡាទាំងអស់ រៀបចំការប្រកួតអន្ដរជាតិនានា ពិសេសប្រភេទកីឡាប្រពៃណី ដើម្បីដកស្រង់បទពិសោធន៍ និងតេស្ដសាកល្បង ត្រៀមការប្រកួតស៊ីហ្គេមជាប្រវត្តិសាស្ដ្រនាពេលខាងមុខ។ អុកចត្រង្គ គឺជាកីឡាប្រណីទី២ ដែលបានរៀបចំជើងឯកថ្នាក់តំបន់ បន្ទាប់ពីគុនខ្មែរ។
អ្វីដែលគួរឲ្យមានមោទនភាព និងជាជោគជ័យដ៏ធំ នៃការប្រកួតនេះ ទោះបីកម្ពុជា ទើបរៀបចំការប្រកួតលើកដំបូង តែមានប្រទេសចូលរួម រហូតដល់ ៥ប្រទេស។ លោកថា «ក្នុងធម្មនុញ្ញរបស់ស៊ីហ្គេម ធ្វើម៉េចឲ្យតែមាន ៤ប្រទេសឡើងទៅ អាចរៀបចំការប្រកួតបាន តែការប្រកួតនេះ យើងមាន ៥ប្រទេស។ ការចូលរួមនេះ គឺជាជោគជ័យមួយ សម្រាប់ការប្រកួតលក្ខណៈអន្ដរជាតិលើកដំបូង ក្នុងប្រភេទកីឡាអុកចត្រង្គ ហើយក៏ជាមោទនភាពសម្រាប់ប្រជាជនខ្មែរ និងជាមោទនភាពចំពោះដូនតារបស់យើង ដែលបង្កើត និងបន្សល់ទុកនូវកីឡាប្រពៃណីនេះផងដែរ»។

ការប្រកួតនេះ សហព័ន្ធបានរៀបចំចំនួន ៦វិញ្ញាសា គឺមានវិញ្ញាសានារី ១ ទល់ ១ រយៈពេល ៦០នាទី, បុរស ១ ទល់ ១ រយៈពេល ៥នាទី, បុរស ១ ទល់ ១ រយៈពេល ៦០នាទី, បុរស ២ ទល់ ២ រយៈពេល ៦០នាទី ក្ដារ២, បុរស ៣ ទល់ ៣ រយៈពេល ៦០នាទី ក្ដារ៣ និងវិញ្ញាសាបុរស ៤ ទល់ ៤ រយៈពេល ៦០នាទី ក្ដារ៤។
ចំពោះលទ្ធផលបច្ចេកទេស គឺក្រុមកីឡាអុកចត្រង្គកម្ពុជា ឈរកំពូលតារាងមេដាយ ដោយដណ្ដើមបានមេដាយសរុប ៨គ្រឿង រួមមានមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៣ ខណៈវៀតណាម ឈរលេខ២ ឈ្នះមេដាយសរុប ៧គ្រឿង រួមមានមេដាយមាស មាស២ ប្រាក់ ៣ និងសំរឹទ្ធ ២ និងមីយ៉ាន់ម៉ា ឈរលេខ៣ ឈ្នះមេដាយសរុប ៣គ្រឿង គឺមានមេដាយមាស ១ និងសំរឹទ្ធ ២ រីឯថៃ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ២ ឈរលេខរៀងទី៤ គ្រាដែលឡាវ ពុំទទួលបានមេដាយនោះទេ៕

