លោក Moriyasu បន្តធ្វើជាគ្រូបង្វឹកជម្រើសជាតិជប៉ុន រយៈពេល ៤ឆ្នាំទៀត…


(តូក្យូ)៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន លោក Hajime Moriyasu នឹងនៅតែទទួលបន្ទុកដឹកនាំក្រុមសម្រាប់រយៈពេលមួយរដូវកាល World Cup ថែមទៀត។ នេះបើតាមសមាគមបាល់ទាត់ជប៉ុនបានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

លោក Moriyasu បានបន្តតួនាទី បន្ទាប់ពីដឹកនាំទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើល ដោយជប៉ុនបានយកឈ្នះលើអតីតក្រុមម្ចាស់ពានរង្វាន់ World Cup អាល្លឺម៉ង់ និងអេស្ប៉ាញ នៅអំឡុងពេលព្រឹត្តិការណ៍ធំនេះនៅប្រទេសកាតា ដែលត្រូវបានគេចាត់ទុកថា ជាក្រុមខ្លាំងពិបាកនឹងឆ្លងកាត់នៅឯព្រឹត្តិការណ៍នេះ។
បុរសវ័យ ៥៤ឆ្នាំដែលក្រុមរបស់លោកត្រូវបានទម្លាក់ដោយក្រូអាតនៅវគ្គ ១៦ក្រុមចុងក្រោយរូបនេះ នឹងក្លាយជាគ្រូបង្វឹកដំបូងគេដែលបានដឹកនាំជប៉ុន ទទួលបានជោគជ័យក្នុងយុទ្ធនាការ World Cup។
សូមជម្រាបថា លោក Hajime Moriyasu ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុនកាលពីឆ្នាំ២០១៨៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram