Lewandowski ឈឺចាប់ រឿងជាប់បម្រាម ៣ប្រកួតនៅ La Liga

(បាសេឡូណា)៖ តារាជើងស៊ុត Robert Lewandowski មានអារម្មណ៍ថា «ឈឺចាប់» ដោយត្រូវអង្គុយមើលក្រុម FC Barcelona លេង ៣ប្រកួត ក៏ព្រោះតែជាប់បម្រាមរឿងពិន័យកាតក្រហមកាលពីខែមុន ក្នុងប្រកួតទល់នឹងម្ចាស់ផ្ទះ Osasuna ក្នុងលីគកំពូល La Liga របស់អេស្ប៉ាញ។
ប្រធានក្រុមជម្រើសជាតិប៉ូឡូញខាងលើនេះ ត្រូវបានបណ្តេញពីទីលាន El Sadar ដែលជាទឹកដីរបស់ Osasuna នារាត្រីថ្ងៃទី០៩ ខែវិច្ឆិកា មុនថ្ងៃឈប់សម្រាកលេង World Cup 2022 ដោយសារទទួលបានកាតលឿងលើកទី២ ត្រឹមប្រកួតក្នុងវគ្គទី១ ប៉ុណ្ណោះ។
នេះមានន័យថា Lewandowski នឹងអវត្តមានពេល Barcelona ប៉ះក្រុម Espanyol និង Atletico Madrid នៅ La Liga តែអាចបង្ហាញខ្លួនវិញ ពេលជួបក្រុមមកពីលីគទី៣ Intercity នៃវគ្គ ៣២ក្រុមក្នុងពាន Copa del Rey។
Lewandowski រកបាន ១៨គ្រាប់ ពីការចូលលេងបាន ១៩ប្រកួតសម្រាប់ក្រុមអ្នកមានបុណ្យ FC Barcelona ក្នុងរដូវកាលនេះ តាមពីក្រោយ Kylian Mbappe ដែលរកបាន ១៩គ្រាប់ និង Erling Haaland រកបាន ២៤គ្រាប់ ក្នុងនាមកីឡាករស៊ុតច្រើនជាងគេ ពីបណ្តាទាំង ៥លីគធំៗនៅអឺរ៉ុបនារដូវកាល ២០២២-២៣ នេះ៕

