លោក ពូទីន ប្រាប់ឱ្យថ្នាក់ដឹកនាំផ្នែកឧស្សាហកម្មយោធារបស់រុស្ស៉ី ប្រឹងប្រែងបន្ថែមដើម្បីជួយដល់កងទ័ព ដែលកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន


(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់ឱ្យក្រុមថ្នាក់ដឹកនាំ នៃវិស័យឧស្សាហកម្មការពារជាតិរបស់ប្រទេសរុស្ស៉ី បង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាថាកងទ័ពរុស្ស៉ីទទួលបានឆាប់រហ័ស នូវរាល់សព្វាវុធ សម្ភារ និងឧបករណ៍យោធាផ្សេងៗ ដែលពួកគេត្រូវការជាចាំបាច់ ដើម្បីប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២។
កំលុងទស្សនកិច្ចកាលពីថ្ងៃសុក្រទៅកាន់ទីក្រុងទូឡា (Tula) ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មផលិតសព្វាវុធ លោកប្រធានាធិបតីរុស្ស៉ី បានលើកឡើងដូច្នេះថា «តួនាទីគន្លឹះដ៏សំខាន់បំផុតនៃឧស្សាហកម្មយោធារបស់យើង គឺធ្វើយ៉ាងណាផ្តល់ឱ្យកងទ័ពជួរមុខ នូវអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ ដូចជាអាវុធ គ្រឿងបរិក្ខារ គ្រាប់រំសេវ និងសម្ភារផ្សេងៗ ក្នុងចំនួនគ្រប់គ្រាន់និងមានគុណភាពត្រឹមត្រូវ ហើយនៅក្នុងរយៈពេលខ្លីតាមតែអាចទៅរួច»។
កាលពីប៉ុន្មានថ្ងៃមុន លោក ពូទីន បាននិយាយថា កងទ័ពរុស្ស៉ីត្រូវតែរៀនសូត្រពីបទពិសោធន៍ និងកែតម្រូវបញ្ហាដែលខ្លួនបានទទួលរង នៅអ៊ុយក្រែន ជាមួយការសន្យាថានឹងផ្តល់អ្វីៗដែលពួកគេត្រូវការ ដើម្បីបន្តសង្រ្គាមដែលបានអូសបន្លាយជាង១០ខែមកហើយនេះ។ មកទល់ឥឡូវ រុស្ស៉ីបានបាត់បង់មួយផ្នែកធំនៃទឹកដីអ៊ុយក្រែន ដែលខ្លួនដណ្តើមកាន់កាប់បាន កំលុងពេលបើកការឈ្លានពានដំបូង។
គួរបញ្ជាក់ថា លើកចុងក្រោយដែលទីក្រុងមូស្គូ បានប្រកាសជាសាធារណៈអំពីចំនួនកងទ័ពរុស្ស៉ី ដែលបានស្លាប់ក្នុងគឺសង្រ្គាមនៅអ៊ុយក្រែន គឺកាលពីថ្ងៃទី២១ ខែកញ្ញា ដោយនិយាយថា ទាហានត្រឹម៥,៩៣៧នាក់ប៉ុណ្ណោះ បានបាត់បង់ជីវិត។ យ៉ាងណាមិញ បើតាមការប៉ាន់ស្មានរបស់ប្រមុខមេទ័ពអាមេរិក កាលពីថ្ងៃទី៩ ខែវិច្ឆិកា គឺរុស្ស៉ីនិងអ៊ុយក្រែនទំនងជា មានទាហានស្លាប់ ឬរបួសលើស១០០,០០០នាក់ដូចគ្នា ដោយសារសង្រ្គាម៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram