Meta លើកនេះខាតបង់ច្រើនជាមួយនឹងការបញ្ចប់រឿងអាស្រូវក្នុងតម្លៃ ៧២៥លានដុល្លារ

(បរទេស)៖ ទីបំផុតក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook សម្រេចយល់ព្រមបង់ប្រាក់ប្រមាណ ៧២៥លានដុល្លារដើម្បីដោះសា្រយរឿងអាស្រូវដ៏អូសបន្លាយពេលមួយ ជុំវិញការចោទប្រកាន់ថាបាន បើកដៃឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនចូលប្រើព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
កាលពីឆ្នាំ២០១៨ កន្លងទៅ Facebook ត្រូវបានដាក់ពាក្យប្តឹងដោយអ្នកប្រើប្រាស់ជាច្រើន ទាក់ទិននឹងការ អនុញ្ញាតឱ្យក្រុមហ៊ុនប្រឹក្សានយោបាយអង់គ្លេស Cambridge Analytica ចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកពួកគេ ដែលជាការលួចទិន្ន័យដល់ច្រើនសន្ធឹករហូតដល់ទៅ ៨៧លាននាក់ឯណោះ។ ជុំវិញរឿងអាស្រូវនេះបានធ្វើឱ្យក្រុមហ៊ុនមេរបស់ Facebook ខាតបង់ប្រាក់ជាច្រើន ដោយក្នុងឆ្នាំ២០១៩ Facebook បានយល់ព្រមបង់ប្រាក់ចំនួន ៥លានដុល្លារដើម្បីដោះស្រាយការស៊ើបអង្កេតរបស់គណៈកម្មការពាណិជ្ជកម្មសហព័ន្ឋលើការអនុវត្តឯកជនភាពរបស់ខ្លួន និង ១០០លានដុល្លារបន្ថែមទៀតដើម្បីដោះស្រាយទៅលើការអះអាងរបស់គណៈកម្មការមូលបត្រអាមេរិក ថាខ្លួនបានបំភាន់វិនិយោគិនអំពីការប្រើប្រាស់ទិន្នន័យរបស់អ្នប្រើប្រាស់ខុស។

កក្តាទាំងនេះហើយទើបសម្រេចឱ្យ Facebook ព្រមទទួលយកការដោះស្រាយបណ្តឹងបញ្ចប់រឿងអាស្រូវនេះតែម្តង នេះបើតាមឯកសារតុលាការនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈការយល់ព្រមបង់ប្រាក់លើកនេះគឺជាចំនួនដ៏ច្រើនបំផុតមួយ និងជាប្រវត្តិសាស្រ្តរបស់ Facebook។
បើយោតាមការអះអាងរបស់ Meta ក្នុងការបញ្ចប់បណ្តឹងនេះបានលើកឡើងថា «ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ យើងបានកែលម្អវិធីសាស្រ្តជាច្រើនរបស់យើងចំពោះឯកជនភាព និងបានដាក់ចូលជាធរមាននូវការអនុវត្តកម្មវិធីឯកជនអ្នកប្រើប្រាស់»៕

