Twitter Blue ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ ដោយពេលនេះកំពុងដំណើរការ Verify លេខទូរស័ព្ទអ្នកប្រើប្រាស់

(បរទេស)៖ បន្ទាប់ពីឡើងកាន់កាប់តំណែងនៅ Twitter ជាផ្លូវការលោក Elon Musk បានរុះរើរចនាសម្ព័ន្ធជាច្រើន ដោយក្នុងនោះរួមមានការគាស់កាយបុគ្គលិកជាច្រើននាក់ចេញ ទាំងអ្នកធ្វើការចាស់ថ្មី បូករួមទាំង CEO Twitter ផងដែរ។ លើសពីនេះទៅទៀត Musk ក៏បានដាក់ចេញនូវមុខងារថ្មីៗជាបន្តបន្ទាប់ដើម្បីមកកែលម្អ Twitter ដោយឡែករបាយការណ៍ថ្មីនេះកំពុងបង្ហាញថា មុខងារ Twitter Blue ដែលបានប្រកាសបង្ហាញកាលពីខែមុនពេលនេះចាប់ផ្តើមដាក់ឱ្យដំណើរការឡើងវិញហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

ចាប់តាំងពីរកឃើញមានគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះបុគ្គលសាធារណៈ តារាល្បីៗ ក៏ដូចជាក្រុមហ៊ុនមួយចំនួន ត្រូវបានគេយកទៅប្រើប្រាស់ក្នុងន័យមិនត្រឹមត្រូវនោះ Musk បានសម្រេចដាក់ចេញនូវមុខងារ Twitter Blue ដែលតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ ៨ដុល្លារក្នុងមួយខែ និង ១១ដុល្លារ សម្រាប់ការជាវនៅលើ App Store របស់ Apple។
យោងតាមការបង្ហោះរបស់ Twitter ពេលនេះ Twitter Blue បានដាក់ដំណើរការឡើងវិញហើយ ដោយពេលនេះកំពុងចាប់ផ្តើមធ្វើការ Verify លេខទូរស័ព្ទអ្នកប្រើប្រាស់ដែលបានធ្វើការជាវ។ ខណៈការប្រកាសបង្ហាញបើកដំណើរការឡើងវិញនេះបន្ទាប់ពី Twitter Blue ត្រូវបានសម្រេចឱ្យផ្អាកដំណើរកាលពីខែមុន។
គួរបញ្ជាក់ដែរថា ប៉ុន្មានថ្ងៃមុននេះ Twitter ក៏ទើបតែបង្ហើបពីមុខងារថ្មីមួយទៀតដែលនាយកប្រតិបត្តិរបស់ខ្លួនគ្រោងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្ហោះសារជាអក្សរនៅលើ Twitter បានវែងជាងមុន។ ពោលគឺ លោក Elon Musk បានបញ្ជាក់ថា Twitter នឹងបង្កើនដែនកំណត់តួរអក្សរ «Character Limit» របស់ខ្លួនពី ២៨០ រហូតដល់ ៤,០០០តួរអក្សរឯណោះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram