សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ តាមរយៈ Facebook ផ្លូវការ បានបង្ហោះសារអបអរសាទរខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២២)។ នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូប ឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌជាពិសេស គឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្ម ដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរ នាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយការពារ ឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។
សម្តេចបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ ។ បច្ចុប្បន្នអង្គរ វត្តបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ មកទស្សនានិងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេ សកម្ពុជា ។
សូមជម្រាបថា ប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋ អាមេរិក ។
ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយបានប្រារព្ធ ធ្វើឡើងនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី ១២-១៣ ខែតុលាឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានា ជាប្រយោជន៍ដល់កិច្ចការ ពារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិហៅកាត់ ថា អាយ ស៊ី ស៊ី អង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣។
តំបន់ឧទ្យានអង្គរមិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណដ្ឋានស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរដែលមានផ្ទៃក្រឡាសរុប ៤០១គីឡូម៉ែត្រក្រឡា ។ នៅក្នុងរមណីយដ្ឋានអង្គរទាំងមូលមានប្រាសាទជិត១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក ៕



