World Cup 2022: លទ្ធផល៣ប្រកួត៖ អង់គ្លេស និងហូឡង់ សុទ្ធតែរកបាន ៣ពិន្ទុ នៅពេលអាមេរិក និងវេលស៍ស្មើគ្នា

(ដូហា)៖ ក្រុមបាល់ទាត់ជម្រើសជាតិតោកំណាចអង់គ្លេស និងទឹកក្រូហូឡង់ សុទ្ធតែរកបាន ៣ពិន្ទុដូចគ្នាពី ១ប្រកួតដំបូងរបស់ពួកគេនៃ FIFA World Cup 2022 នៅប្រទេសកាតា គ្រាដែលគូចុងក្រោយគេរវាងអាមេរិក និងវេលស៍ចែកគ្នាក្នុងម្នាក់ ១ពិន្ទុ។

អង់គ្លេស រកបាន ៣ពិន្ទុពី ១ប្រកួតដំបូងចេញពីពូល B បន្ទាប់ពីបំបាក់គូប្រជែងអ៉ីរ៉ង់ក្នុងលទ្ធផល ៦ទល់នឹង២ ចាប់ផ្តើមក្បាលព្រលប់មុនគេ និងបានឡើងទៅឈរនៅកំពូលតារាងជាបណ្តោះអាសន្នផងដែរ នៅមុនពេលអាមេរិក និងវេលស៍លេងស្មើគ្នា ១-១។
ដូចគ្នានោះដែរ ហូឡង់ដែលស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះកាតាផងនោះ ក៏រកបាន ៣ពិន្ទុពេញដែរ នៅពេលយកឈ្នះគូប្រជែងសេណេហ្គាល់ ក្នុងលទ្ធផល ២-០ ស្មើពិន្ទុជាមួយអេក្វាឌ័រដែលបានយកឈ្នះកាតា ២ទល់នឹង០ នៅថ្ងៃបើកឆាកដែរ។
នេះមានន័យថា ឆ្លងកាត់ ៤ប្រកួតសន្សំពិន្ទុក្នុងពូល គឺអង់គ្លេសដែលជាជើងឯករងពាន Euro 2020 ធ្វើបានល្អជាងគេ ដោយអាចរកបាន ៦គ្រាប់ក្នុងចំណោម ៨ក្រុម ដ្បិតទទួលបាន ៣ពិន្ទុស្មើៗគ្នាជាមួយអេក្វាឌ័រ និងហូឡង់ក៏ដោយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram