សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញប្រកាស លោក ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ បើពុំមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស លោក ខូយ រីដា ឱ្យចូលកាន់មុខតំណែង ជាអភិបាលខេត្តពោធិ៍សាត់។
យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/១១២២/១៤១៥ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានត្រាស់បង្គាប់ តែងតាំងមុខតំណែង លោក ខូយ រីដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលខេត្តពោធិ៍សាត់ ជំនួស លោក ជាវ តាវ ដែលត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា មុនក្លាយជាអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ធ្លាប់ជាអតីតអភិបាលរងខេត្តពោធិ៍សាត់ កាលពីចុងឆ្នាំ២០២១ និងបានរាជរដ្ឋាភិបាល សម្រេចផ្ទេរភារកិច្ចលោក ពីអភិបាលរងខេត្តពោធិ៍សាត់ ឱ្យមកកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបង។
ដោយឡែក អតីតអភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ ធ្លាប់ជាអតីតអភិបាលរងខេត្តកណ្តាល នៅឆ្នាំ២០១៨ លោកត្រូវបានតែងតាំងជាអភិបាលខេត្តកំពត នឹងបានផ្ទេរទៅកាន់តំណែងអភិបាលខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២១។ ពេលអញ្ជើញទៅដល់ខេត្តពោធិ៍សាត់ លោកក៏មានបញ្ហាសុខភាព មិនសូវបានកាន់ការងារប៉ុន្មាននោះឡើយ ហើយការផ្លាស់ប្តូរនេះ ធ្វើឡើងតាមការស្នើសុំរបស់លោក ជាវ តាយ និងក្រុមគ្រួសារ ព្រោះលោកមិនមានកំហុសអ្វីនោះទេ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram