លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ពានកិត្តិយសចំនួន៣ ដល់ម្ចាស់អាជីវកម្មម្ជូរវត្តភ្នំ១៦៨

(ភ្នំពេញ)៖ លោកស្រី ឡាំ សូដាណេ (លាភ ដាណេ) ម្ចាស់អាជីវកម្មម្ជូរវត្តភ្នំ១៦៨ ត្រូវបានលោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ពានកិត្តិយសចំនួន៣ ក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 កាលពីថ្ងៃទី២៩ ខែតុលា កន្លងទៅ ដែលមានម្ចាស់អាជីវកម្មនៅទូទាំងប្រទេសចូលរួមប្រមាណជាង១០០០នាក់។

ម្ចាស់អាជីវកម្មដែលមានយីហោម្ជូរវត្តភ្នំ១៦៨ ដ៏ល្បី និងមាន៥០សាខា នៅស្ទើរតែគ្រប់ទីប្រជុំធំក្នុងប្រទេសកម្ពុជា លោកស្រី ឡាំ សូដាណេ បានលើកឡើងថា ពានរង្វាន់ដែលលោកស្រី ទទួលបានរួមមាន៖
១-Best Ambassador Award (ទូតសុច្ឆន្ទៈឆ្នើម) គឺជាពានសម្រាប់ទទួលស្គាល់ស្នាដៃ សមាជិក CEO Master Club ជួយជ្រោមជ្រែង និងណែនាំសហគ្រិនថ្មីៗឱ្យក្លាយជាសមាជិកគ្រួសារ CEO Master Club ដើម្បីទទួលបានឱកាសកសាងសមត្ថភាពលើការដឹកនាំគ្រប់គ្រងចាត់ចែង ស្ថាប័នអាជីវកម្ម បែបសង់ដារ។
២-Outstanding Entrepreneur Medal (មេដាយសហគ្រិនឆ្នើម) ជាមេដាយសម្រាប់ទទួលស្គាល់ស្នាដៃសហគ្រិនលេចធ្លោរបស់ CEO Master Club ដែលបង្ហាញពីលទ្ធផលនៃការរីកចម្រើនអាជីវកម្មរបស់ខ្លួន គួរឱ្យកត់សម្គាល់បន្ទាប់ពីបានអនុវត្តនូវរបៀបរបបក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅស្តង់ដារបន្ទាប់ពីបានចូលរួមជាសមាជិកគ្រួសារ CEO Master Club។
៣-Master CEO Award (ពាន ស៊ីអ៊ីអូ ម៉ាស្ទ័រ) ជាពានជ័យលាភីសម្រាប់ទទួលស្គាល់ និងលើកទឹកចិត្តសហគ្រិនដែលបានតស៊ូខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាអ្នកដឹកនាំធុរកិច្ចកំពូលជាមួយ CEO Master Club ចាប់ពី ១០ កម្មវិធីឡើងទៅដើម្បីមានសមត្ថភាពក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែមានភាពរឹងមាំ។
លោកស្រី ឡាំ សូដាណេ បានគូសបញ្ជាក់ថា «ពានប្រកបដោយកិត្តិយសដ៌ឧត្តុង្គឧត្តមទាំងនេះ បានកើតចេញពីការខិតខំប្រឹងប្រែងនិងការតាំងចិត្តខ្ពស់រហូតធ្វើឱ្យម្ជូរវត្តភ្នំ១៦៨ មានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ក្នុងនិងក្រៅប្រទេស។ បន្ថែមពីនេះ ក៏កើតចេញពីការចូលរួមចំណែកជួយលើកកម្ពស់វិស័យកសិកម្មនិងផលិតផលខ្មែរ ក៏ដូចជាការជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋបានកន្លែងច្រើនផងដែរ»។
ម្ចាស់អាជីវកម្មដែលសាធារណជននិយមហៅ ម៉ាក់ម្ជូរវត្តភ្នំ រូបនេះបន្ថែមថា «នាងខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនទាំងអស់ថា ទោះបីយើងមានរបរតូចតាច ប៉ុន្តែក៏យើងអាចធ្វើឱ្យល្បីមានការគាំទ្រ និងមានកេរ្តិ៍ឈ្មោះល្អ នៅក្នុងសង្គមបានដែរ។ ដូច្នេះសូមកុំបាក់ទឹកចិត្ត រួចបន្តអភិវឌ្ឍសមត្ថភាព និងប្រឹងប្រែង តស៊ូធ្វើរបររបស់យើងរហូតមានភាពជោគជ័យ»។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ CEO Master Club បានធ្វើការបណ្ដុះបណ្ដាលសហគ្រិនកម្ពុជាយើង បានចំនួនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិតចំនួន ១,៦១១នាក់ ទាំងនៅក្នុង និងនៅក្រៅប្រទេស ដែលពួកគាត់ទាំងអស់ បានកាន់កាប់អាជីវកម្ម ប្រមាណ ៣,០០០ក្រុមហ៊ុន និងបានចូលរួមបង្កើតប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណ ៣,០០០លានដុល្លារក្នុង១ឆ្នាំ និងបានជួយបង្កើតការងាររកប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋប្រមាណ ១៥ម៉ឺននាក់ទៀតផង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram