Qualcomm ព្យាករណ៍ថាការលក់ស្មាតហ្វូនក្នុងឆ្នាំនេះនឹងបន្តធ្លាក់ចុះ ២ខ្ទង់បន្ថែមទៀត
(បរទេស)៖ តាមរយៈការចេញផ្សាយប្រាក់ចំណូលចុងក្រោយរបស់ក្រុមហ៊ុនផលិតស្មាតហ្វូននាពេលថ្មីៗនេះ ក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប Qualcomm បានព្យាករណ៍ថា ចំនួនដាក់លក់ស្មាតហ្វូនសរុបនៅឆ្នាំនេះ អាចនឹងបន្តធ្លាក់ចុះបន្ថែមទៀតរហូតដល់តួរលេខ ២ខ្ទង់ឯណោះ។ ពោលគឺដោយសារតែបញ្ហាសេដ្ឋកិច្ចនៅតែបន្ត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ជុំវិញបញ្ហានេះ Qualcomm បានឱ្យដឹងថា អ្នកប្រើប្រាស់ស្ទើរតែទូទាំងពិភពលោក មិនសូវទិញស្មាតហ្វូនជំនាន់ថ្មីៗ ឬដេញតាមម៉ូដែលស្មាតហ្វូនច្រើនដូចពីមុននោះទេ ទាំងនេះក៏ដោយសារតែបញ្ហាសេដ្ឋកិច្ចនៅតែបន្ត បើទោះបីជាជំងឺរាតត្បាត COVID-19 ហាក់ដូចធូរស្រាលហើយក៏ដោយ។ មួយវិញទៀតបើធៀបទៅនឹងឆ្នាំមុនៗ Qualcomm សង្កេតឃើញថាលទ្ធដាក់លក់ស្មាតហ្វូនឆ្នាំនេះកំពុងធ្លាក់ចុះខ្លាំង សូម្បីតែឈីប ក៏ដូចជាម៉ូដឹមមួយចំនួនរបស់ខ្លួនក៏នៅសល់ក្នុងស្តុក មិនអាចលក់ចេញទាន់ពេលវេលាកំណត់ផងដែរ។
ដោយឡែកទាក់ទិននឹងការព្យាករណ៍នេះ Qualcomm បានបន្ថែមទៀតថា ក្រុមហ៊ុនធំៗចំនួន ២ដែលប្រើប្រាស់បន្ទះឈីបរបស់ខ្លួន សុទ្ធតែជួបប្រទះនឹងការធ្លាក់ចុះខ្លាំងដោយក្នុងនោះរួមមាន Apple និង Samsung ត្រូវបានរាយការណ៍ពីកំណើនយឺតអំឡុងខែមិថុនាកន្លងទៅ។ ដោយក្នុងនោះ Apple ត្រូវបានគេឱ្យដឹងថា បានកាត់បន្ថយការផលិតសម្រាប់ម៉ូដែល iPhone 14 របស់ខ្លួនក្នុងចំនួនច្រើន ខណៈដែល Samsung ជួបបញ្ហាសល់ផលិតផលខ្ទង់ ៥០លានគ្រឿងនៅក្នុងស្តុកដែលលក់មិនចេញ៕






