ក្រុមមន្ត្រីអាមេរិក ថាថ្នាក់ដឹកនាំយោធារុស្ស៉ី បើកកិច្ចពិភាក្សាជុំវិញការប្រើអាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ក្រុមមេបញ្ជាការយោធាជាន់ខ្ពស់របស់រុស្ស៉ី កាលពីពេលថ្មីៗនេះបានបើកកិច្ចពិភាក្សាមួយ ដើម្បីជជែកគ្នាថាតើទីក្រុងមូស្គូ ត្រូវប្រើ អាវុធនុយក្លេអ៊ែរតាក់ទិកដោយរបៀបណា និងនៅពេលណា នៅក្នុងសង្រ្គាមអ៊ុយក្រែន ដែលនេះបាន និងកំពុងបង្កការព្រួយបារម្ភជាថ្មីនៅក្នុងទីក្រុង វ៉ាស៊ីនតោន និងក្នុងចំណោមសម្ព័ន្ធមិត្តអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ដោយផ្អែកលើក្រុមមន្ត្រីអាមេរិក សារព័ត៌មាន New York Times បានឱ្យដឹងថាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មិនបានចូលរួមក្នុងកិច្ចពិភាក្សាខាងលើ ទេ។ ប៉ុន្តែ ការបើកកិច្ចសន្ទនារបៀបនេះ ដែលធ្វើឡើងកាលពីពាក់់កណ្ដាលខែតុលាកន្លងទៅ ដោយក្រុមមេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៉ី កំពុងបង្កឱ្យមាន ការព្រួយបារម្ភយ៉ាងខ្លាំងដល់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ពីព្រោះថាវាបានបង្ហាញពីការខកបំណងរបស់ក្រុមឧត្តមសេនីយ៍រុស្ស៉ី ចំពោះ បរាជ័យនៅឯសមរភូមិ ហើយវាក៏អាចត្រូវបានសន្មត់ដែរថាការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរពីសំណាក់លោក ពូទីន អាចនឹងមិនមែនគ្រាន់តែជាការគំរាម ត្រឹមតែពាក្យសម្ដីនោះទេ។
តែយ៉ាងណាក៏ដោយ ក្រុមមន្ត្រីអាមេរិក នៅតែអះអាងដដែលថាមកទល់នឹងពេលនេះ មិនមានភស្តុតាងណាមួយបង្ហាញថារុស្ស៉ីកំពុងចល័តអាវុធនុយក្លេអ៊ែរ ទៅកាន់ទីតាំងសម្រាប់ការត្រៀមលក្ខណៈវាយប្រហារ នៅឡើយទេ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram