ប្រជាពលរដ្ឋមួយចំនួនប៉ះពាល់នឹងស្រ្ដីទ័ពមួកខៀវផ្ទុកកូវីដ១៩ ចំនួន៩នាក់នៅខេត្តកណ្តាល…

ខេត្តកណ្តាល៖ ក្រោយពេលធ្វើតេស្ដលើស្រ្ដីទ័ពមួកខៀវមានផ្ទុកកូវីដ-១៩នោះមក ក្រសួងសុខាភិបាលបានរកឃើញមានអ្នកប៉ះពាល់ចំនួន៩នាក់ ហើយអ្នកទាំង៩នាក់នោះ ក៏ត្រូវបាននាំទៅដាក់ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យតាខ្មៅ និងកំពុងតាមដានអ្នកប៉ះពាល់ដោយប្រយោលជាបន្តបន្ទាប់។ នេះបើតាមលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ។


លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឲ្យដឹងថា យើងគ្រាន់តែយកសំណាកយកទៅមើលទេ ហើយកំពុងពិនិត្យតាមដានសុខភាពរបស់ពួកគាត់បន្ដទៀត (អ្នកទាំង ៩នាក់)។ យើងបានសម្រេចនាំគាត់ទាំង៩នាក់នេះ ទៅដាក់ធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពចត្តាឡីស័កតាខ្មៅ ។


លោកវេជ្ជបណ្ឌិត បានបន្តថា មនុស្ស៩នាក់នេះ ជាអ្នកប៉ះពាល់ដោយប្រយោល។ ដូច្នេះយើងធ្វើបែបនេះ គឺតាមជំនាញពេទ្យរបស់យើង។ រហូតមកដល់ពេលនេះ ក្រុមការងារកំពុងតែ តាមដានស្វែងរកអ្នកប៉ះពាល់ជាមួយស្ត្រីរូបនេះបន្តទៀត ដោយតាមដានរយ:ពេលដល់១៤ថ្ងៃ ។


លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា «យើងមិនអាចសួរតែគាត់មួយបានទេ ព្រោះវាមិនគ្រប់គ្រាន់នោះឡើយ យើងត្រូវសួរអ្នកនៅជុំវិញផ្ទះគាត់ ហើយយើងកំពុងធ្វើការងារហ្នឹង» ។


ការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីមានការផ្សព្វផ្សាយនូវលិខិតរបស់លោកចៅសង្កាត់សិត្បូ បានជម្រាបជូនលោកអភិបាលក្រុងតាខ្មៅ អំពីករណីស្ត្រីកងទ័ពមួកខៀវម្នាក់ ដែលទើបរកឃើញវិជ្ជមាន នៃកូវីដ១៩ ដែលក្រសួងសុខាភិបាល បានប្រកាស កាលពីថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០ ។


ក្នុងលិខិត ចៅសង្កាត់សិត្បូផ្ញើទៅកាន់អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា ករណីស្ត្រីវ័យ ២៧ ឆ្នាំ រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាក្រុមមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជានោះ បានទៅដល់ផ្ទះ តាំងពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២០។ នៅពេលមកដល់ផ្ទះ ស្ត្រីខាងលើបានធ្វើបាយសម្លជូនចាស់ៗ និងចែកដល់ក្មេង ព្រមទាំងធ្វើចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ នៅវត្តជម្ពូព្រឹកថែមទៀតផង។


បើតាមលិខិតដដែលនោះ បញ្ជាក់ទៀតថា ក្រោយមកសាមីខ្លួនមានអាការក្ដៅខ្លួនក៏បានឱ្យពេទ្យនៅជិតផ្ទះចាក់ថ្នាំ និងផ្សំថ្នាំឱ្យលេប។ ប៉ុន្ដែជំងឺរបស់គាត់មិនធូរស្រាលឡើយ ទើបសាមីខ្លួនបានទៅធ្វើតេស្ត រកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យជ័យជំនះ។

រីឯលទ្ធផលអវិជ្ជមានទៀត ទើបគ្រូពេទ្យប្រាប់ឱ្យសាមីខ្លួនត្រឡប់ទៅផ្ទះវិញ ។ លុះពីរថ្ងៃក្រោយមក ដោយមានអាការក្ដៅខ្លួនខ្លាំង និងមានហៀរសំបោរ ទើបគាត់ទៅធ្វើតេស្ត នៅមន្ទីរពេទ្យជ័យជំនះម្ដងទៀត ហើយលទ្ធផល រកឃើញវិជ្ជមាន នៃកូវីដ-១៩៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram