កីឡាករ Mari របស់ Arsenal ដែលរងរបួសដោយសារការចាក់ មានសុខភាពល្អ បន្ទាប់ពីទទួលការវះកាត់

(រ៉ូម)៖ កីឡាករ Pablo Mari ដែលកំពុងលេងខ្ចីជើងឲ្យក្លិប Arsenal បានលើកឡើងថា លោកកំពុងជាសះស្បើយពីការវះកាត់ បន្ទាប់ពីបានរងការចាក់ នៅអំឡុងពេលការវាយប្រហារដោយកាំបិតមួយ ដែលបណ្តាលឲ្យមានមនុស្សស្លាប់នៅផ្សារទំនើបមួយកន្លែងក្នុងប្រទេសអ៉ីតាលី។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

ខ្សែការពារវ័យ ២៨ឆ្នាំ សញ្ជាតិអេស្ប៉ាញដែល Arsenal បានខ្ចីជើងមកពីក្លិប Monza ក្នុងរដូវក្តៅនេះ បាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Niguarda នៃទីក្រុង Milan បន្ទាប់ពីរងរបួសខ្នង ខណៈកំពុងដើរទិញអីវ៉ាន់ជាមួយភរិយា និងកូនប្រុសកាលពីថ្ងៃព្រហស្បតិ៍។
ក្លិប Monza ដែលលេងនៅលីគ Serie A បានលើកឡើងថា កីឡាកររូបនេះអាចនឹងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ២ទៅ៣ថ្ងៃ។
ប្រធានប្រតិបត្តិក្លិប Monza លោក Adriano Galliani បានលើកឡើងថា Mari អាចនឹងមិនត្រឡប់ទៅហ្វឹកហាត់វិញរយៈពេល ២ខែ ហើយថាក្លិបបានស្នើសុំ ការប្រកួតជាមួយក្លិប Bologna នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ឲ្យមានការពន្យារពេល ខណៈ «ក្រុមកំពុងមានភាពតក់ស្លុត»។
សូមជម្រាបថា Mari ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ ដែលរងការវាយប្រហារនៅផ្សារទំនើប Carrefour ស្ថិតនៅជាយក្រុង Milan ភាគខាងជើងប្រទេសអ៉ីតាលី ដោយបុរសម្នាក់ទំនងជាមានបញ្ហាផ្លូវចិត្ត ដែលបានចាក់សម្លាប់បុរសម្នាក់។ មនុស្ស ៤នាក់ទៀតបានរងរបួស ដោយសារបុរសវ័យ ៤៦ឆ្នាំ សញ្ជាតិអ៉ីតាលីរូបនេះ ដែលត្រូវបានប៉ូលិសចាប់ខ្លួន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram