លោក ចូ បៃដិន ថ្កោលទោសការវាយប្រហារលើស្វាមី របស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ផេឡូស៊ី

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោស និងចាត់ទុកថាការវាយប្រហារលើស្វាមីរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី គឺជាទង្វើគួរឱ្យស្អប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២។
បើតាមក្រុមមន្ត្រីអាមេរិក ជនមិនស្គាល់មុខម្នាក់ បានវាយប្រហារលើលោក ប៉ូល ផេឡូស៊ី (Paul Pelosi) ដោយប្រើញញួរ និងធ្វើឱ្យរូបលោកប្រេះលលាដ៍ក្បាល កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីជននេះសម្រុកចូលផ្ទះរបស់អ្នកទាំង២ ដើម្បីស្វែងរកលោកស្រី ផេឡូស៊ី។ ថ្លែងនៅក្នុងសុន្ទរកថាមួយនៅឯយុទ្ធនាការ ឃោសនាបោះឆ្នោតមួយក្នុងទីក្រុងហ្វីឡាដែលហ្វៀ លោក បៃដិន បានបញ្ជាក់ដូច្នេះថា «អំពើហិង្សានយោបាយ មិនមានកន្លែងឈរជើងនៅសហរដ្ឋអាមេរិកទេ… វាល្មមគ្រប់គ្រាន់ហើយ»។
គួរបញ្ជាក់ថា លោក ប៉ូល ផេឡេស៊ី មានអាយុ ៨២ឆ្នាំ បច្ចុប្បន្នកំពុងទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ ក្រោយឆ្លងកាត់ការវះកាត់ដោយជោគជ័យ ហើយ ស្ថានភាពរបស់លោកស្ថិតនៅក្នុងភាពនឹងនរ។ នៅពេលហេតុការណ៍ខាងលើកើតឡើង លោក ប៉ូល ផេឡូស៊ី ស្ថិតនៅផ្ទះតែម្នាក់ឯងក្នុងរដ្ឋកាលីហ្វ័រញ៉ា រីឯលោកស្រី ផេឡូស៊ី កំពុងបំពេញការងារនៅទីក្រុងវ៉ាស៊ីនតោន។ ចំណែកឯ ជនសង្ស័យត្រូវបានប៉ូលិសចាប់ខ្លួន ក្រោមបទចោទប្រកាន់ប៉ុនប៉ងមនុស្សឃាត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram