លោក ជា ចាន់តូ ក្រើនរំលឹកមន្រ្ដីបុគ្គលិក ធនាគារជាតិសាខាខេត្តតាកែវ ឲ្យបន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដើម្បីក្លាយជាមន្រ្ដីប្រកបដោយសក្តានុពល និងជាទ្រព្យសកម្មរបស់ធនាគារជាតិ
(តាកែវ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា សាខាខេត្តតាកែវ ដោយក្នុងនោះលោកបានក្រើនរំឭក ដល់មន្រ្តីបុគ្គលិក សាខាធនាគារជាតិនៃកម្ពុជាខេត្តតាកែវ ឱ្យបន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដើម្បីក្លាយជាមន្រ្ដីប្រកបដោយសក្តានុពល និងជាទ្រព្យសកម្មរបស់ធនាគារជាតិនៃកម្ពុជា។
ការជួបសំណេះសំណាលនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្នុងខេត្តតាកែវ។ ក្នុងនោះលោកទេសាភិបាល ក៏បានផ្ដល់អនុសាសន៍សំខាន់ៗ ដល់មន្រ្ដីធនាគារជាតិនៃកម្ពុជា សាខាខេត្តតាកែវរួមមាន៖
១៖ បទពិសោធន៍គ្រប់គ្រងល្អរបស់ធនាគារជាតិនៃកម្ពុជា ក្នុងអំឡុងការរាលដាលជំងឺកូវីដ-១៩ ដែលគ្រប់សាខាទាំងអស់ បានបន្តប្រតិបត្តិការជាប្រក្រតី ដោយសារការអនុវត្តខ្ជាប់ខ្ជួន តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
២៖ ការរួមចំណែករបស់សាខាធនាគារជាតិនៃកម្ពុជាខេត្តតាកែវ ក្នុងការពង្រឹងជំនឿទុកចិត្តដល់សាធារណជន និងរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជា។
៣៖ ក្រើនរំឭក ដល់មន្រ្តីបុគ្គលិកសាខាធនាគារជាតិនៃកម្ពុជាខេត្តតាកែវ ឱ្យបន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដើម្បីក្លាយជាមន្រ្តីប្រកបដោយសក្តានុពល និងជាទ្រព្យសកម្មរបស់ធនាគារជាតិនៃកម្ពុជា។
លោក ជា ចាន់តូ បានក្រើនរំឭកដល់មន្ត្រី-បុគ្គលិកសាខា ឱ្យបន្តអនុវត្តវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល បើទោះបីជាករណីឆ្លងជំងឺកូវីដ-១៩ បានថមថយក្តី ជាពិសេសត្រូវចូលរួមចាក់ថ្នាំបង្ការដូសទី៥ឱ្យបានគ្រប់ៗគ្នា៕








